(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បានហៅការបាញ់ប្រហារសម្លាប់មនុស្ស៥០នាក់ និងរបួសជាង៤០០នាក់ នៅឯទីក្រុងឡាស វេហ្គាស (Las Vegas) ដែលជាការបាញ់ប្រហារដ៏អាក្រក់ចុងក្រោយបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក គឺជាសកម្មភាពរបស់បិសាចសុទ្ធសាធ ខណៈក្រុម ISIS បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការបាញ់ប្រហារដ៏ប្រល័យនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះ លោក ដូណាល់ ត្រាំ ក៏បានចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំផងដែរ ហើយថានឹងធ្វើដំណើរទៅទីក្រុងឡាស វេហ្គាស នៅថ្ងៃពុធ។ លោកបានសរសេរនៅលើ Twitter យ៉ាងខ្លី ដូច្នេះថា៖ «ខ្ញុំសូមចូលរួមរំលែកមរណៈទុក្ខ ដោយស្មោះស័្មគ្រសម្រាប់ជនរងគ្រោះនិងគ្រួសារបស់ពួកគេចំពោះការបាញ់ប្រហារដ៏គួរឱ្យរន្ធត់នៅក្នុងទីក្រុងឡាស វេហ្គាស (Las Vegas)»។
ដោយឡែក បើតាមសារព័ត៌មាននៅក្នុងស្រុក ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃនេះបានកើតឡើងនៅអំឡុងការប្រគុំ តន្ត្រីដ៏ធំមួយក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) នៃរដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយផ្ដាច់យកអាយុជីវិត មនុស្ស៥០ និងរបួសជាង ៤០០នាក់។ ចំណែកឯ ប៉ូលិសអាមេរិក ក៏បានអះអាងដែរថាជនសង្ស័យម្នាក់ ឈ្មោះ Stephen Paddock អាយុ៦៤ឆ្នាំ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីរូបគេបើកការបាញ់ប្រហារ យ៉ាងកម្រោលទៅលើក្រុមមនុស្សយ៉ាងច្រើនកុះករ ដែលបាននាំគ្នាទៅចូលរួមក្នុងពិធីបុណ្យប្រគុំតន្រ្តីដ៏ធំមួយ ស្ថិតនៅក្បែរ សណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay)។
គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះ ដែលបានកើតឡើង ចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគុំតន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប ០៣ថ្ងៃ៕ ព្រមពេលជាមួយគ្នា អ្នកដែលបានទទួលរងរបួសទាំងប៉ុន្មានត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះជីវិត៕