(សហរដ្ឋអាមេរិក)៖ ប្រភពពីប៉ូលីសបានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់រះនៅទីក្រុង Las Vegas មានឈ្មោះថា Stephen Craig Paddock វ័យ៦៤ឆ្នាំ បានប្រើប្រាស់ កាំភ្លើងបាញ់ រះចេញពីបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារ និងកាស៊ីណូ Mandalay Bay ដែលស្ថិតនៅក្បែរកន្លែងប្រគុំតន្រី្ត Route 91 Harvest នោះតែម្តង ដោយមានវត្ថមានមនុស្ស ប្រមាណជាង ២២,០០០នាក់. នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន ABC ចេញផ្សាយនៅក្នុងរយៈពេលប៉ុន្មាននាទីមុននេះ។
ប៉ូលីសបញ្ជាក់ថា លោក Paddock គ្មានទំនាក់ទំនងអ្វីជាមួយពួកយោធានោះឡើយ ប៉ុន្តែក្រុមឧទ្ទាមISIS ប្រកាសថាជាអ្នកនៅពីក្រោយហេតុការណ៍បាញ់ប្រហារនេះដោយបញ្ជាក់ ថាខ្មាន់កាំភ្លើងបានថ្វាយខ្លួនជឿលើសាសនាឥស្លាម កាលពីប៉ុន្មានខែមុន។ ប្រភពដដែលបានឱ្យដឹងថា ខា្មន់កាំភ្លើងមានទំនាក់ទំនងជាមួយស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះថា Marilou Danley។ លោក Paddock ជាប្រជាពលរដ្ឋរស់នៅរដ្ឋ Nevada បានបាញ់សម្លាប់ខ្លួនឯង មុនពេលប៉ូលីសសម្រុកចូលដល់ក្នុងសណ្ឋាគារ ដែលលោកបានស្នាក់នៅនិងធ្វើសកម្មភាព បាញ់រះនោះ។
សូមជម្រាបថា រហូតមកទល់ពេលនេះរបាយការណ៍បានឱ្យដឹងថា មានមនុស្ស៥០នាក់ ស្លាប់ និងជាង៤០០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់រះ ក្នុងថ្ងៃចុងក្រោយនៃកម្មវិធី ប្រគុំតន្រ្តី Route 91 Harvest ដែលបានប្រគុំឡើងក្នុងរយៈពេលបីថ្ងៃ៕