(អាមេរិក)៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update មុននេះបន្តិចបានឲ្យដឹងថា ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃ ដែលបានកើតមានឡើងនៅក្នុងការប្រគុំតន្ត្រីដ៏ធំមួយ ក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ដីល្បីល្បាញ នៃរដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិក នៅពេលនេះបានបង្កឲ្យមនុស្សស្លាប់កើនឡើង រហូតដល់ទៅជាង ៥០នាក់ និងរបួសជាង ៤០០នាក់ ផ្សេងទៀត ខណៈវាត្រូវបានចាត់ទុកជាទង្វើដ៏ព្រៃផ្សៃបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិកតែម្តង។ នេះបើតាមការដកស្រង់ពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ប៉ូលិសអាមេរិកអះអាងថា ជនសង្ស័យត្រូវបានកំណត់មុខសញ្ញាហើយ ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា វាជាអំពើភេរវកម្ម ឬក៏មិនមែននោះទេ។ ការអះអាងពីនាយករដ្ឋានប៉ូលិសនៃទីក្រុង Las Vegas ជនសង្ស័យម្នាក់បានស្លាប់ បន្ទាប់ពីបានបើកការបាញ់ប្រហារយ៉ាងកម្រោល ទៅលើក្រុមមនុស្សយ៉ាងច្រើនកុះករ ដែលបាននាំគ្នាទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តីដ៏ធំមួយ ស្ថិតនៅក្បែរសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay) នាវេលាយប់ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះ ដែលបានកើតឡើងចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគុំតន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប ០៣ថ្ងៃ។ ព្រមពេលជាមួយគ្នា អ្នកដែលបានទទួលរងរបួសទាំងប៉ុន្មាន ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះជីវិតផងដែរ។
ខាងក្រោមនេះជា រូបភាពសំខាន់ៗ ក្រោយផ្ទុះការបាញ់ប្រហារយ៉ាងព្រៃផ្សៃ៖