(ម៉ាឌ្រីត)៖ ទោះបីជាមេដឹកនាំតំបន់ កាតាឡាន (Catalonia) លោក ខាឡេស ភីកដឺម៉ុន អះអាងថា តំបន់របស់លោក មានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកាសឯករាជ្យ តបតាមលទ្ធផលនៃការបោះឆ្នោត​ធ្វើ​ប្រជាមតិក៏ដោយ ក៏នាយករដ្ឋមន្ត្រីអេស្ប៉ាញ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាចយ (Mariano Rajoy) បានប្រកាស​យ៉ាងឱឡារឹក​តាម​កញ្ចក់ទូរទស្សន៍ ​តាំងពីថ្ងៃអាទិត្យ​មកម្ល៉េះថា គ្មានទេឯករាជ្យភាព​សម្រាប់តំបន់ កាតាឡាន (Catalonia) ហើយរដ្ឋាភិបាលមាន​សិទ្ធិនៅក្នុងការបង្ក្រាប​បាតុកម្ម ដូចដែលបាន​កើត​ឡើងកន្លង ដែលបាន​បណ្តាលឲ្យ​មនុស្ស ៨៤៤នាក់ រងរបួសធ្ងន់-ស្រាល។ នេះបើតាមការបូកសរុបព័ត៌មាន នាយប់ថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ថ្ងៃនេះគឺមិនមានការរៀបចំបោះឆ្នោត​ប្រជាមតិអ្វី តាមតែអំពើចិត្តខ្លួនឯងនោះឡើយ។ ប្រទេសរបស់យើង កំពុងអនុវត្តន៍សកម្មភាព និងចំណាត់ការ​គ្រាប់បែបយ៉ាង ជាមួយនិងកម្លាំងពេញលេញ ដើម្បីប្រឆាំងរាល់ការបង្កហេតុ​ទាំងអស់។» លោក រ៉ាចយ ក៏បានការពារសេចក្តីសម្រេចរបស់លោក ក្នុងការបញ្ជូនកម្លាំងប៉ូលិស ទៅបង្ក្រាប​សកម្មភាពធ្វើការ​បោះឆ្នោតប្រជាមតិ​នៅតំបន់ កាតាឡាន ផងដែរ។

នាយករដ្ឋមន្ត្រីខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា «កាតព្វកិច្ចទី១របស់ខ្ញុំ គឺគោរពច្បាប់ ហើយនិងធានាថា ច្បាប់ត្រូវតែ​ទទួលបានការគោរព។ កងកម្លាំងសន្តិសុខ បានចាត់​វិធានការ​យ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការធ្វើប្រជាមតិ​នៅកាតាឡាន»។ សម្រាប់មនុស្សស្លាប់វិញ គឺពុំមានរបាយការណ៍បញ្ជាក់ថាមាននោះឡើយ ខណៈក្នុងចំណោមអ្នករងរបួសទាំង ៨៤៤នាក់ មាន ៣៣នាក់ជាមន្ត្រីប៉ូលិស។

ជុំវិញការបោះឆ្នោតដ៏ចម្រូងម្រាស​​នេះដែរ អាជ្ញាធរ Catalonia បានអះអាងថា ៩០ភាគរយ នៃប្រជាជន​ច្រើនជាង ២.២៦លាននាក់ ដែលបានចូលរួម​ក្នុងការបោះឆ្នោត​ប្រជាមតិ​របស់តំបន់ Catalonia កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតគំាទ្រ​ការប្រកាសឯករាជ្យ ខណៈអ្នកដែឡបាន​ចុះឈ្មោះបោះ​ឆ្នោតពីដំបូង មានរហូតដល់ទៅ ៥.៣លាននាក់​ឯណោះ ហើយមេដឹកនាំ​តំបន់មួយនេះ គឺលោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ក៏បានសន្យា​ដែរថា នឹងប្រកាស​ឯករាជ្យឯកភាគី បើទោះ​បីជា​មានការជំទាស់​ពីសំណាក់ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត​ក៏ដោយ ព្រោះខ្លួនទទួល​សិទ្ធិបង្កើត​រដ្ឋហើយ។

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ រដ្ឋាភិបាល Catalonia បានដំណើរការរៀបចំ​ការបោះឆ្នោត​ប្រកាសឯករាជ្យ​ពីប្រទេសអេស្ប៉ាញ ដែលជំទាស់យ៉ាងខ្លាំង​នឹងការបោះឆ្នោត​នេះដោយចាត់ទុកថា «វាគឺរឿង​ខុសច្បាប់»។ ដូច្នេះហើយទើប កាលពីថ្ងៃម្សិលមិញ អាជ្ញាធរអេស្ប៉ាញ បានចាត់វិធានការ​ក្ដៅបិទការិយាល័យបោះឆ្នោត និងបានប្រើអំពើ​ហិង្សាលើក្រុមអ្នកគាំទ្រ​ការបោះឆ្នោតនេះ បង្កឱ្យមានអ្នក​រងរបួស ៨៤៤នាក់។ ក៏ប៉ុន្តែអាជ្ញាធរ Catalonia បានអះអាងថា ៩៦ភាគរយ នៃការិយាល័យ​បោះឆ្នោត នៅតែអាចដំណើរសម្រាប់ការ​បោះឆ្នោតដដែល ខណៈពួកគេ​បានស្នើឱ្យ សហភាព​អឺរ៉ុបឆ្លើយតបនឹង​ការរំលោភសិទ្ធិមនុស្ស នៅអំឡុងការបោះឆ្នោត​ប្រជាមតិ។

ងាកមកកាន់សហភាពអឺរ៉ុបវិញ ហាក់មិនទាន់បានបង្ហាញជំហរអ្វីដុំកំភួន ក្នុងការដោះស្រាយវិបត្តិ​ដ៏​បង្ហូរឈាមនៅអេស្ប៉ាញនោះឡើយ ប៉ុន្តែអ្នកនយោបាយ​ជាន់ខ្ពស់អឺរ៉ុប ក្នុងនោះរួមមាន​ទាំងតំណាងរាស្ត្រ​សភាអឺរ៉ុប បានថ្កោលទោស​យ៉ាងខ្លាំង​ចំពោះប៉ូលិសអេស្ប៉ាញ សម្រាប់ការប្រើប្រាស់​កម្លាំងដោយហិង្សា ប្រឆាំងនឹងហ្វូង​អ្នកបោះឆ្នោត​ប្រជាមតិ​ប្រកាសឯរាជ្យ​របស់តំបន់ Catalonia ខណៈសហភាពអឺរ៉ុប និង​គណៈកម្មការអឺរ៉ុប មិនទាន់បញ្ចេញប្រតិកម្ម​អ្វីជាដុំកុំភួន​នៅឡើយទេ។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួននៅថ្ងៃចន្ទនេះ ក្រុមតំណាងរាស្ត្រអឺរ៉ុប​បានលើក​ឡើងយ៉ាងដូច្នេះថា «យើងកំពុងតាមដាន​ការវិវឌ្ឍន៍​ស្ថានភាព​នៅក្នុងតំបន់ Catalonia ជាមួយក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ទាក់ទិននឹង​ការប្រើប្រាស់​អំពើហិង្សា ដោយប៉ូលិសប្រឆាំង​នឹងអ្នកបោះឆ្នោត​ដោយសន្តិវិធី ហើយដែលនេះ​គឺជាកំហុសមួយ​របស់រដ្ឋាភិបាល​ទីក្រុងម៉ាឌ្រីត... ដូច្នេះគណៈកម្មការ​អឺរ៉ុប​មិនអាចបន្ត បិទភ្នែកចំពោះស្ថានភាព​ក្នុងតំបន់ Catalonia ហើយយើងជំរុញ​ឱ្យគណៈកម្មការអឺរ៉ុប លើកកម្ពស់កិច្ចសន្ទនានិងធ្វើជាអ្នកសម្របសម្រួល»

សម្រាប់ព័ត៌មានចុងក្រោយនេះ រដ្ឋមន្ត្រីយុត្តិធម៌អេស្ប៉ាញបានព្រមានថា ការរឹងទទឹងនៅចង់ទាមទារ​ឯករាជ្យភាពនោះ នឹងនាំឲ្យមាត្រា ១៥៥ នៃរដ្ឋធម្មនុញ្ញជាតិ​ត្រូវរំលោភបំពាន ហើយវានឹងបង្ខំឲ្យ​រដ្ឋាភិបាល​ទីក្រុងម៉ាឌ្រីត ចូលធ្វើអន្តរាគមន៍​តំបន់ស្វយ័ត កាតាឡាន តែម្តង​ព្រោះគ្មាន​​នរណាម្នាក់​អាចប្រកាស​ឯករាជ្យ នៅក្នុងដែនអធិបតេយ្យភាព​របស់អេស្ប៉ាញបានឡើយ៕

https://cdn.rt.com/files/2017.10/thumbnail/59d0d1c0fc7e9393388b4567.JPG