(អាមេរិក)៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update មុននេះបន្តិចបានឲ្យដឹងថា ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃមួយបានកើតមានឡើងនៅ​ក្នុងការប្រគុំតន្ត្រី​ដ៏ធំមួយ ក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ដីល្បីល្បាញ នៃរដ្ឋ​ណេវ៉ាដា (Nevada) ភាគខាងលិច​សហរដ្ឋ​អាមេរិក នៅពេលនេះមានមនុស្សស្លាប់កើនឡើង រហូតដល់ទៅជាង៥០នាក់ និងរបួសជាង២០០នាក់ផ្សេងទៀត។

ប៉ូលិសអាមេរិកអះអាងថា ជនសង្ស័យត្រូវបានកំណត់មុខសញ្ញាហើយ ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា វាជាអំពើភេរវកម្ម ឬក៏មិនមែននោះទេ។ ការអះអាង​ពីនាយករដ្ឋានប៉ូលិស​នៃទីក្រុង Las Vegas ជនសង្ស័យម្នាក់​បានស្លាប់ បន្ទាប់ពីបានបើក​ការបាញ់ប្រហារ​យ៉ាង​កម្រោល ទៅលើក្រុមមនុស្ស​យ៉ាងច្រើនកុះករ ដែលបាននាំគ្នា​ទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តី​​ដ៏ធំមួយ ស្ថិតនៅក្បែរ​សណ្ឋាគារ-​កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay) នាវេលាយប់​ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា ខណៈពេលនេះ​កម្លាំងប៉ូលិស​អាមេរិក កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍​បាញ់​ប្រហារ​ហ្វូងមនុស្ស​ម្នាដ៏សាហាវនេះ ដែលបានកើតឡើង​ចំយប់ថ្ងៃ​ចុងក្រោយ នៃពិធីបុណ្យប្រគុំ​តន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈ​ពេលសរុប ០៣ថ្ងៃ។ ព្រមពេល​ជាមួយគ្នា អ្នកដែលបាន​ទទួលរងរបួស​ទាំងប៉ុន្មាន ក៏ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បីជួយ​សង្រ្គោះ​ជីវិតផងដែរ៕