(សេអ៊ូល)៖ សង្រ្គាមពាក្យសម្ដីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងហាក់ដូចជាពុំទាន់បង្ហាញពីភាពធូរស្រាលទាល់តែសោះ ខណៈភាគីទាំងពីរនៅតែបន្តផ្លោងសម្ដីគំរាមដាក់គ្នា ទៅវិញទៅមក។ ជាក់ស្ដែងនៅថ្ងៃនេះ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានចេញមុខព្រមានជាថ្មីម្ដងទៀតថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពសម្លាប់ខ្លួនឯង និងបង្កជាសង្រ្គាមនុយក្លេអ៊ែរដ៏មហាប្រល័យតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
យោងតាម យ៉ុនហាប់ អ្នកនាំពាក្យមិនបញ្ជាក់អត្តសញ្ញាណ មកពីគណកម្មាធិការបក្សកុម្មុយនិស្តកូរ៉េខាងជើង ដើម្បីសន្តិភាពតំបន់អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងព្រមានមនុស្សឆ្កួតនៅអាមេរិក ដ៏ចាស់គំរិលម្នាក់ (លោក ដូណាល់ ត្រាំ) សាជាថ្មីម្ដងទៀត ចំពោះភាពភ័យស្លន់ស្លោររបស់លោក... ហើយទណ្ឌកម្មរបស់លោកប្រឆាំងនឹងកូរ៉េខាងជើង គឺគ្រាន់តែសកម្មភាពសម្លាប់ខ្លួនឯង និងនាំឱ្យមានសង្រ្គាមនុយក្លេអ៊ែរ ដ៏មហាប្រល័យមួយ ដែលមានតែធ្វើឱ្យសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងសមុទ្រភ្លើងតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការព្រមានរបស់កូរ៉េខាងជើង ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខរារាំងមិនឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោក ព្យាយាមស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយលោកគិតថា វាជាការចំណាយពេលអត់ប្រយោជន៍។ «ខ្ញុំបានប្រាប់ លោក រិច ធីល្លឺសុន រដ្ឋមន្ត្រីការបរទេសដ៏អស្ចារ្យរបស់យើង ថា គាត់កំពុងចំណាយពេលអត់ប្រយោជន៍ហើយ ក្នុងការព្យាយាមចរចាជាមួយបុរសគ្រាប់រ៉ុក្កែត (លោក គីម ជុងអ៊ុន)... រក្សាកម្លាំងរបស់អ្នក រិច យើងនឹងធ្វើអ្វីដែលយើងបាន និងកំពុងធ្វើ»។ នេះជាសម្ដីលោក ដូណាល់ ត្រាំ៕