(អាមេរិក)៖ ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃមួយ បានកើតមានឡើងនៅក្នុងការប្រគុំតន្ត្រីដ៏ធំមួយ ក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ដីល្បីល្បាញ នៃរដ្ឋណេវ៉ាដា (Nevada) ភាគខាងលិចសហរដ្ឋអាមេរិកនៅមុននេះបន្តិច បណ្តាលឲ្យមនុស្សស្លាប់រហូតដល់ទៅជាង ២០នាក់ និងរបួសជាង ១០០នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយព័ត៌មានទាន់ហេតុការណ៍ ពីបណ្តាញសារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ភ្លាមៗបែបនេះ ពុំទាន់មានការបញ្ជាក់ថា វាជាអំពើភេរវកម្ម ឬក៏មិនមែននោះទេ។ ការអះអាងពីនាយករដ្ឋានប៉ូលិសនៃទីក្រុង Las Vegas ជនសង្ស័យម្នាក់បានស្លាប់ បន្ទាប់ពីបានបើកការបាញ់ប្រហារយ៉ាងកម្រោល ទៅលើក្រុមមនុស្សយ៉ាងច្រើនកុះករ ដែលបាននាំគ្នាទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តីដ៏ធំមួយ ស្ថិតនៅក្បែរសណ្ឋាគារ-កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay) នាវេលាយប់ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)។
គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសអាមេរិក កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍បាញ់ប្រហារហ្វូងមនុស្សម្នាដ៏សាហាវនេះ ដែលបានកើតឡើងចំយប់ថ្ងៃចុងក្រោយ នៃពិធីបុណ្យប្រគុំតន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈពេលសរុប ០៣ថ្ងៃ។ ព្រមពេលជាមួយគ្នា អ្នកដែលបានទទួលរងរបួសទាំងប៉ុន្មាន ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះជីវិតផងដែរ៕