(វ៉ាស៊ីនតោន)៖ កាលពីខែសីហាកន្លងទៅ មានសារសម្ងាត់មួយត្រូវបានបញ្ជូន ពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់ទីក្រុងគែរនៃប្រទេសអេហ្ស៊ីបដោយបានព្រមានថា នាវាដ៏អាថ៌កំបាំងមួយបានធ្វើដំណើរ ឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ ហើយវាមានឈ្មោះថា ជី ស៊ុន (Jie Shun) ដោតមានទង់ជាតិនៃប្រទេសកម្ពុជា ក៏ប៉ុន្តែវាមានប្រភពពីទីក្រុងព្យុងយ៉ាង និងមានកាពីតែននាវាជាជនជាតិកូរ៉េខាងជើង។ នេះបើតាមការចេញផ្សយដោយ សារព័ត៌មាន Washington Post របស់សហរដ្ឋអាមេរិកនៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
កាសែត Washington Post ផ្អែកលើសារសម្ងាត់ដដែលបានរាយការណ៍ថា នាវាខាងលើគឺជានាវាដឹកអាវុធ និងត្រូវបានរឹបអូសដោយអាជ្ញាធរគយអេហ្ស៊ីប នៅឯដែនទឹករបស់ពួកគេ។ មិនតែប៉ុណ្ណោះ អាជ្ញាធរទាំងនោះក៏បានអះអាងដែរថា ពួកគេបានរកឃើញគ្រាប់រ៉ុក្កែតជាង ៣០,០០០គ្រាប់ សម្រាប់លក់ឱ្យអ្នកទិញនៅក្នុងប្រទេសអេហ្ស៊ីបតែម្ដង ហើយដែលនេះគឺដូចគ្នាទៅនឹងរបាយការណ៍របស់អង្គការសហប្រជាជាតិធ្លាប់សន្និដ្ឋានពីការរឹបអូសអាវុធដ៏ធំ ក្នុងប្រវត្តិសាស្ត្រនៃទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតអេហ្ស៊ីបប្រចាំទីក្រុងវ៉ាស៊ីនតោន នៅតែបញ្ជាក់ពីតម្លាភាពរបស់អេហ្ស៊ីប និងកិច្ចសហប្រតិបត្តិការជាមួយក្រុមមន្ត្រីអង្គការសហប្រជាជាតិ (UN) ក្នុងការស្វែងរក និងបំផ្លាញអាវុធហាមឃាត់ទាំងអស់។ «អេហ្ស៊ីប នឹងបន្តគោរព និងអនុវត្តរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ខណៈយើងកំពុងដាក់កំហិតលើការទិញអាវុធពីកូរ៉េខាងជើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់ស្ថានទូតអេហ្ស៊ីប។
គួរបញ្ជាក់ថា បើទោះជាកំពុងជាប់ទណ្ឌកម្មពី UN ក៏ដោយ ក៏គេនៅតែរកឃើញថា របបដឹកនាំលោក គីម ជុងអ៊ុន អាចរកបានចំណូលតាមរយៈការលក់អាវុធ និងបរិក្ខាយោធាដោយសម្ងាត់ទៅកាន់អតិថិជនរបស់ខ្លួនមានដូចជា អ៊ីរ៉ង់ មីយ៉ាន់ម៉ា គុយបា ស៊ីរី អេរីតត្រេ និងអេហ្ស៊ីបជាដើម៕