(អាហ្វហ្គានីស្ថាន)៖ មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថានម្នាក់ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា មន្ត្រីសន្តិសុខសរុប ១២នាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយភ័ន្តច្រឡំមួយ ពីសំណាក់យន្ដហោះចម្បាំងរបស់កងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល នៅក្នុងស្រុក ហ្គែរ៉េសក៍ (Gereshk) ស្ថិតនៅភាគខាងត្បូងខេត្ត ហេលម៉េនដ៍ (Helmand) កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់ស៊ីនហួរក្នុងលក្ខខណ្ឌមិនបញ្ចញឈ្មោះ មន្ត្រីសន្តិសុខខាងលើដដែល បានឱ្យដឹងយ៉ាងដូច្នេះថា «វាគឺជាការប្រហារតាមផ្លូវអាកាសដោយភ័ន្តច្រឡំ ដែលបានកើតឡើងនៅឯភូមិ អូតរ៉េង (Otrang) នៃស្រុក Gereshk ស្ថិតភាគខាងត្បូងខេត្ត Helmand ពោលជាទីដែលកងទ័ពអាហ្វហ្គានីស្ថាន កំពុងចូលរួមក្នុងប្រតិបត្តិការយោធា ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់»។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ជនរងគ្រោះទាំង ១២នាក់ ខាងលើគឺជាមន្ត្រីប៉ូលិស និងយោធា ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្ត Helmand អះអាងថា យោធាអាហ្វហ្គានីស្ថាន ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។
គួរបញ្ជាក់ថា ខេត្ត Helmand មានទីក្រុង ឡាសខា ហ្គាស៍ (Lashkar Gah) ជាទីក្រុងស្ថិតនៅចំងាយ ៥៥៥គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានីកាប៊ុល ហើយខេត្តមួយនេះបានក្លាយជាសមរភូមិប្រយុទ្ធរវាង កងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ៕