(ម៉ាឌ្រីត)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាចយ (Mariano Rajoy) បានប្រកាសយ៉ាងឱឡារឹកតាមកញ្ចក់ទូរទស្សន៍ថា គ្មានទេឯករាជ្យភាពសម្រាប់តំបន់ កាតាឡាន (Catalania) ហើយរដ្ឋាភិបាលមានសិទ្ធិនៅក្នុងការបង្ក្រាបបាតុកម្ម ដូចដែលបានកើតឡើងកន្លង ដែលបានបណ្តាលឲ្យមនុស្ស ៨៤៤នាក់ រងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ថ្ងៃនេះគឺមិនមានការរៀបចំបោះឆ្នោតប្រជាមតិអ្វី តាមតែអំពើចិត្តខ្លួនឯងនោះឡើយ។ ប្រទេសរបស់យើង កំពុងអនុវត្តន៍សកម្មភាព និងចំណាត់ការគ្រាប់បែបយ៉ាង ជាមួយនិងកម្លាំងពេញលេញ ដើម្បីប្រឆាំងរាល់ការបង្កហេតុទាំងអស់។» លោក រ៉ាចយ ក៏បានការពារសេចក្តីសម្រេចរបស់លោក ក្នុងការបញ្ជូនកម្លាំងប៉ូលិស ទៅបង្ក្រាបសកម្មភាពធ្វើការបោះឆ្នោតប្រជាមតិនៅតំបន់ កាតាឡាន ផងដែរ។
នាយករដ្ឋមន្ត្រីខាងលើនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា «កាតព្វកិច្ចទី១របស់ខ្ញុំ គឺគោរពច្បាប់ ហើយនិងធានាថា ច្បាប់ត្រូវតែទទួលបានការគោរព។ កងកម្លាំងសន្តិសុខ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការធ្វើប្រជាមតិនៅកាតាឡាន»។
ជុំវិញការបោះឆ្នោតដ៏ចម្រូងម្រាសនេះដែរ អាជ្ញាធរ Catalonia បានអះអាងថា ៩០ភាគរយ នៃប្រជាជនច្រើនជាង ២.២៦លាននាក់ ដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិរបស់តំបន់ Catalonia កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតគំាទ្រការប្រកាសឯករាជ្យ ហើយមេដឹកនាំតំបន់មួយនេះ គឺលោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ក៏បានសន្យាដែរថា នឹងប្រកាសឯករាជ្យឯកភាគី បើទោះជាមានការជំទាស់ពីសំណាក់ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីតក៏ដោយ ព្រោះខ្លួនទទួលសិទ្ធិបង្កើតរដ្ឋហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាល Catalonia បានដំណើរការរៀបចំការបោះឆ្នោតប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ ដែលជំទាស់យ៉ាងខ្លាំងនឹងការបោះឆ្នោតនេះដោយចាត់ទុកថា «វាគឺរឿងខុសច្បាប់»។ ដូច្នេះហើយទើប កាលពីថ្ងៃម្សិលមិញ អាជ្ញាធរអេស្ប៉ាញ បានចាត់វិធានការក្ដៅបិទការិយាល័យបោះឆ្នោត និងបានប្រើអំពើហិង្សាលើក្រុមអ្នកគាំទ្រការបោះឆ្នោតនេះ បង្កឱ្យមានអ្នករងរបួស ៨៤៤នាក់។ ក៏ប៉ុន្តែអាជ្ញាធរ Catalonia បានអះអាងថា ៩៦ភាគរយ នៃការិយាល័យបោះឆ្នោត នៅតែអាចដំណើរសម្រាប់ការបោះឆ្នោតដដែល ខណៈពួកគេបានស្នើឱ្យ សហភាពអឺរ៉ុបឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្ស នៅអំឡុងការបោះឆ្នោតប្រជាមតិ៕