(រ៉ង់ហ្គូន)៖ ប្រជាជននៃទីក្រុងរ៉ង់ហ្គូន (Yangon) ប្រទេសមីយ៉ាន់ម៉ា បានរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំគ្នាដ៏ធំមួយ ដើម្បីសម្តែងពីទឹកចិត្តគាំទ្រដល់ប្រធានក្រុមប្រឹក្សារដ្ឋ គឺលោកស្រី អោងសាន សូជី សម្រាប់កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយវិបត្តិជាតិសាសន៍ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ដោយបង្ហាញពីសាមគ្គីភាពរបស់ពួកគេ ជាមួយនិងលោកស្រី អោងសាន សូជី ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការរិះគន់ និងដាក់សម្ពាធពីអន្តរជាតិ ជុំវិញបញ្ហានៅរដ្ឋភាគខាងជើងប្រទេសនោះ អ្នកចូលរួមទាំងអស់បានលើកឡើងថា ប្រធានក្រុមប្រឹក្សារដ្ឋរបស់ពួកគេ កំពុងតែប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការដោះស្រាយស្ថានការណ៍ នៅរដ្ឋ Rakhine។ បន្ថែមពីនេះ ជនរួមជាតិមីយ៉ាន់ម៉ា នៅក្នុងទីក្រុងរ៉ង់ហ្គូនបានធ្វើការអំពាវនាវ ឲ្យមានឯកភាពជាតិនៅក្នុងចំណោមប្រជាជនទាំងអស់ ដើម្បីយកឈ្នះលើសម្ពាធទាំងឡាយ ដែលបានដាក់មកលើលោកស្រី ស៊ូជី ពីសំណាក់ប្រទេសដទៃមួយចំនួន រួមទាំងអង្គការអន្តរជាតិមួយចំនួនទៀត។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ចំនួនជនជាតិដើមភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួន ចេញពីរដ្ឋ Rakhine ដោយសារតែអំពើហិង្សានោះ ទៅកាន់ទឹកដីបង់ក្លាដែស ដែលនៅក្បែរខាង បានកើនឡើងលើសពី ៥០០,០០០នាក់ហើយ ស្របពេលដែលលោកស្រី អោងសាន សូជី បានស្នើឲ្យសហគមន៍អន្តរជាតិ ចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហានៅរដ្ឋភាគខាងជើងនេះឲ្យបានឆាប់៕