(បាសេឡូណា)៖ អ្នកនយោបាយជាន់ខ្ពស់អឺរ៉ុប ក្នុងនោះរួមមានទាំងតំណាងរាស្ត្រសភាអឺរ៉ុប បានថ្កោលទោសយ៉ាងខ្លាំងចំពោះប៉ូលិសអេស្ប៉ាញ សម្រាប់ការប្រើប្រាស់កម្លាំងដោយហិង្សា ប្រឆាំងនឹងហ្វូងអ្នកបោះឆ្នោតប្រជាមតិប្រកាសឯរាជ្យរបស់តំបន់ Catalonia ខណៈសហភាពអឺរ៉ុប និងគណៈកម្មការអឺរ៉ុប មិនទាន់បញ្ចេញប្រតិកម្មអ្វីជាដុំកុំភួននៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមតំណាងរាស្ត្រអឺរ៉ុប បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងតាមដានការវិវឌ្ឍន៍ស្ថានភាពនៅក្នុងតំបន់ Catalonia ជាមួយក្ដីព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទិននឹងការប្រើប្រាស់អំពើហិង្សា ដោយប៉ូលិសប្រឆាំងនឹងអ្នកបោះឆ្នោតដោយសន្តិវិធី ហើយដែលនេះគឺជាកំហុសមួយរបស់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត... ដូច្នេះគណៈកម្មការអឺរ៉ុបមិនអាចបន្ត បិទភ្នែកចំពោះស្ថានភាពក្នុងតំបន់ Catalonia ហើយយើងជំរុញឱ្យគណៈកម្មការអឺរ៉ុប លើកកម្ពស់កិច្ចសន្ទនានិងធ្វើជាអ្នកសម្របសម្រួល»។
ជុំវិញការបោះឆ្នោតដ៏ចម្រូងម្រាសនេះដែរ អាជ្ញាធរ Catalonia បានអះអាងថា ៩០ភាគរយ នៃប្រជាជនច្រើនជាង ២.២៦លាននាក់ ដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិរបស់តំបន់ Catalonia កាលពីថ្ងៃអាទិត្យ បានបោះឆ្នោតគំាទ្រការប្រកាសឯករាជ្យ ហើយមេដឹកនាំតំបន់មួយនេះ គឺលោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ក៏បានសន្យាដែរថា នឹងប្រកាសឯករាជ្យឯកភាគី បើទោះជាមានការជំទាស់ពីសំណាក់ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីតក៏ដោយ ព្រោះខ្លួនទទួលសិទ្ធិបង្កើតរដ្ឋហើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាល Catalonia បានដំណើរការរៀបចំការបោះឆ្នោតប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ ដែលជំទាស់យ៉ាងខ្លាំងនឹងការបោះឆ្នោតនេះដោយចាត់ទុកថា «វាគឺរឿងខុសច្បាប់»។ ដូច្នេះហើយទើប កាលពីថ្ងៃម្សិលមិញ អាជ្ញាធរអេស្ប៉ាញ បានចាត់វិធានការក្ដៅបិទការិយាល័យបោះឆ្នោត និងបានប្រើអំពើហិង្សាលើក្រុមអ្នកគាំទ្រការបោះឆ្នោតនេះ បង្កឱ្យមានអ្នករងរបួស ៨៤៤នាក់។ ក៏ប៉ុន្តែអាជ្ញាធរ Catalonia បានអះអាងថា ៩៦ភាគរយ នៃការិយាល័យបោះឆ្នោត នៅតែអាចដំណើរសម្រាប់ការបោះឆ្នោតដដែល ខណៈពួកគេបានស្នើឱ្យ សហភាពអឺរ៉ុបឆ្លើយតបនឹងការរំលោភសិទ្ធិមនុស្ស នៅអំឡុងការបោះឆ្នោតប្រជាមតិ៕