(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើការផ្លាស់ប្តូរ កាលបរិច្ឆេទសម្រាប់ការបង្ហោះកែវយឺតអវកាស James Webb ពីពេលកំណត់នៅខែតុលា ឆ្នាំ២០១៨ ទៅកាន់ពេលវេលាថ្មីមួយទៀត គឺចន្លោះខែមីនា និងមិថុនា ឆ្នាំ២០១៩ វិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយវិទ្យាសាស្រ្ត Space Daily នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
អង្គការ NASA បានសេចក្តីប្រកាសខាងលើ នៅទីស្នាក់ការក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា «ការប្រែប្រួលនៃកាលបរិច្ឆេទកំណត់ នៃការបាញ់បង្ហោះកែវយឺតអវកាស ដែលមានអនុភាពជាងគេបំផុតនោះ គឺមិនមែនដោយសារតែមានបញ្ហា Hardware ឬក៏បច្ចេកទេសឡើយ។ ផ្ទុយទៅវិញ ការដាក់ឲ្យដំណើរការរួមបញ្ចូលគ្នា នៃសមាសធាតុផ្សំខុសៗគ្នា របស់កែវយឺតអវកាសនេះ កំពុងតែត្រូវការពេលវេលា យូរជាងអ្វីដែលបានរំពឹងទុក»។
កិច្ចព្រមព្រៀងអន្តរជាតិមួយ ជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានទាមទារឲ្យអង្គការ NASA វិភាគទៅលើការត្រៀមខ្លួនបាញ់បង្ហោះ របស់កែវយឺតនេះ នៅមួយឆ្នាំមុនកាលបរិច្ឆេទកំណត់ សម្រាប់ការចាប់ផ្តើមបេសកកម្ម ហើយការវាយតម្លៃ បានបង្ខំឲ្យក្រុមមន្រ្តីពាក់ព័ន្ធ ធ្វើការពិចារណាផែនការពួកគេឡើងវិញ និងទីបំផុតក៏បានជំរុញឲ្យ NASA សម្រេចពន្យាពេលសម្រាប់ការបាញ់បង្ហោះ កែវយឺតអវកាស James Webb (JWST) ជាថ្មីម្តងទៀត។
គួរបញ្ជាក់ថា JWST គឺជាអ្នកស្នងតំណែងបេសកកម្ម នៃកែវយឺតអវកាស Hubble ដ៏ចំណាស់ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៦ម្ល៉េះ។ ដោយឡែកកាលពីពេលកន្លងទៅ គម្រោង JWST ត្រូវបានរៀបចំសាឡើងវិញជាច្រើនដងមកហើយ ដោយរាល់លើកកាលបរិច្ឆេទកំណត់នៃការបាញ់បង្ហោះ ត្រូវបានពន្យាពេលរហូត រួមមានពីឆ្នាំ២០១១ ទៅឆ្នាំ២០១៣, ពីឆ្នាំ២០១៥ ទៅឆ្នាំ២០១៨, និងឥឡូវនេះលើកទៅដល់ឆ្នាំ២០១៩៕