(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូប្រហែលជានឹងពិចារណា ចាត់វិធានការសងសឹងទៅវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបន្តដាក់សម្ពាធ ឬធ្វើទុក្ខបុកម្នេញលើបណ្តាញសារព័ត៌មានរុស្ស៊ី ដែលកំពុងបំពេញប្រតិបត្តិការ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សេខារ៉ូវ៉ា (Maria Zakharova) បានថ្លែងថា «មនុស្សគ្រប់គ្នាគួរតែយល់ថា ប្រសិនបើពួកគេបង្កើតលក្ខខណ្ឌ ដែលធ្វើឲ្យក្រុមអ្នកកាសែត ប្រឈមមុខនឹងការគំរាមកំហែងផ្លូវកាយនោះ ឬប្រសិនបើភ្នាក់ងារសារព័ត៌មានទាំងនោះ ទទួលរងការគំហែងហែង ដោយសារតែសកម្មភាពបំពេញការងាររបស់ពួកគេ ចំណាត់ការសងសឹកឆ្លើយតបផ្សេងៗ នឹងត្រូវដាក់ចេញជាក់ជាពុំខាន ហើយវាពុំមែនជាជម្រើសរបស់យើងឡើយ»។
គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយ Russia Today (RT) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលរុស្ស៊ី ធ្វើការចុះឈ្មោះសាខាការិយាល័យរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ជាទង្វើដែលទីក្រុងម៉ូស្គូចាត់ទុកថា «មិនត្រឹមត្រូវ»។ ម៉្យាងវិញទៀតបើតាមលោកស្រី Zkharova អាជ្ញាធរអាមេរិក ក៏កំពុងតែដាក់គោលដៅទៅលើទីភ្នាក់ងារព័ត៌មានរដ្ឋ Tass និងកាសែតក៏ដូចជាអ្នកសារព័ត៌មានដទៃទៀតរបស់រុស្ស៊ីផងដែរ ក្រៅពី RT។
គួរជម្រាបបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងម៉ូស្គូ អស់រយៈពេលជាច្រើនខែមកហើយ ពីបទលូកដៃចូលក្នុងដំណើរការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពី២០១៦ ទោះបីជារុស្ស៊ីបានបដិសេធជាដដែលៗយ៉ាងណាក្តី ចំពោះការចោទប្រកាន់ទាំងនេះ ខណៈ RT ស្ថិតនៅក្នុងចំណោមស្ថាប័នព័ត៌មាន ដែលជាប់សង្ស័យថា បានជួសមុខឲ្យវិមានក្រឹមឡាំង ជួយជ្រោមជ្រែងលោក ដូណាល់ ត្រាំ ដែលកាលនោះនៅត្រឹមជាអតីតបេក្ខភាពប្រធានាធិបតី នៃបក្សសាធារណៈរដ្ឋតែប៉ុណ្ណោះ៕