(ម៉ាឌ្រីត)៖ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក អាល់ហ្វុនសូ ដាស្ទីស (Alfonso Dastis) បានចេញមុខការពារចំណាត់ការរបស់ប៉ូលិសជាតិអេស្ប៉ាញ ក្នុងការបង្រ្កាបយ៉ាងហិង្សាទៅលើក្រុមអ្នកគាំទ្រ ការប្រកាសឯករាជ្យរបស់តំបន់ កាតាឡូនៀ (Catalonia) នៅអំឡុងការបោះឆ្នោតប្រជាមិតមួយ កាលពីថ្ងៃអាទិត្យ ខណៈអ្នករងរបួសបានកើនច្រើនជាង ៨៤៤នាក់ និងរដ្ឋាភិបាល Catalonia កំពុងស្នើឱ្យសហភាព អឺរ៉ុបហើបមាត់និយាយពីការរំលោភសិទ្ធិមនុស្សនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់សារព័ត៌មាន Sky News លោក Alfonso Dastis បានលើកឡើងយ៉ាងដូច្នេះថា «អ្នកអាចគិតថា ក្រុមមនុស្សទាំងនោះកំពុងអនុវត្តន៍សិទ្ធិដោយសន្តិវិធី ក្នុងការបោះឆ្នោត ក៏ប៉ុន្តែបញ្ហាការ បោះឆ្នោតប្រជាមតិនោះ ត្រូវបានចាត់ទុកថា ជារឿងខុសច្បាប់ដោយតុលាការធម្មនុញ្ញ... ដូច្នេះខ្ញុំមិនយល់ស្របឡើយថា (ចំណាត់ការរបស់ប៉ូលិស) គឺជាអំពើហិង្សាធ្ងន់ធ្ងរហួសប្រមាណ»។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរ Catalonia ៩០ភាគរយ នៃប្រជាជនច្រើនជាង ២.២៦លាននាក់ ដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិរបស់តំបន់ Catalonia បានបោះឆ្នោតគំាទ្រប្រកាស ឯករាជ្យ រីឯមេដឹកនាំតំបន់មួយនេះ លោក កាឡែស ភីកឌេម៉ុន (Carles Puigdemont) ក៏បានសន្យាដែរថា នឹងប្រកាសឯករាជ្យជាឯកភាគី បើទោះជាមានការជំទាស់ពីសំណាក់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត ក៏ដោយ ព្រោះខ្លួនទទួលសិទ្ធិបង្កើតរដ្ឋហើយ៕