(គូឡាឡាំពួ)៖ នៅទីបំផុតដូចការរំពឹងទុក ស្ត្រីពីរនាក់ដែលកំពុងជាប់ចោទថា បានចូលរួមក្នុងអំពើឃាតកម្មលើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ នៅឯអាកាស យានដ្ឋានទីក្រុងគូឡាឡាំពួ មិនបានសារភាពពីទោសកំហុសឡើយ នៅពេលពួកគេបង្ហាញខ្លួននៅចំពោះមុខតុលាការម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
នាង ស៊ីទី អៃស៍យ៉ាហ៍ (Siti Aisyah) ជាពលរដ្ឋឥណ្ឌូណេស៊ីមានអាយុ ២៥ឆ្នាំ និងនាង ដូន ធីហួង (Doan Thi Huong) មានអាយុ ២៨ឆ្នាំ មកពីប្រទេសវៀតណាម ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចោទប្រកាន់ថា ជាឃាតកសម្លាប់លោក គីម ជុងណំា នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ដោយប្រើប្រាស់សារធាតុគីមពុល VX ដែលត្រូវបាន UN ចាត់ទុកថា អាវុធដ៏ប្រល័យ។ ក៏ប៉ុន្តែ ស្ត្រីទាំងពីរនាក់ ធ្លាប់បានប្រាប់មេធាវីរបស់ខ្លួនថា ពួកគេមិនបានដឹងថាពួកគេបានចូលរួមក្នុងអំពើឃាតកម្មនេះទេ ព្រោះជឿជាក់ថា វាគ្រាន់តែជាការសម្ដែងខ្សែភាពយន្តពិតៗតាមកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើសិនជាតុលាការម៉ាឡេស៊ីរកឃើញថា ស្ត្រីទាំងពីរនាក់ខាងលើ មានទោសមែន នោះពួកនាងនឹងត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ខណៈសវនាការក្ដីនៅថ្ងៃចន្ទ នេះ អាចនឹងមានរយៈពេលដល់ថ្ងៃទី៣០ ខែវិច្ឆិកា៕