(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខរារាំងមិនឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោក ព្យាយាមស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង ស្ដីពីកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយលោកគិតថា វាជាការចំណាយពេលអត់ប្រយោជន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្ថិតក្នុងការទាក់ទងគ្នាដោយផ្ទាល់ជាមួយ និងរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ហើយអាមេរិកក៏បានសួរទៅកាន់ ទីក្រុងព្យុងយ៉ាងផងដែរថា តើពួកគេមានបំណងចង់ពិភាក្សាអំពីការធ្វើតេស្តមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរដែរ ឬយ៉ាងណា។
តែយ៉ាងណាក៏ដោយ ថ្លែងនៅនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ លោក រិច ធីល្លឺសុន រដ្ឋមន្ត្រីការបរទេសដ៏អស្ចារ្យរបស់យើង ថា គាត់កំពុងចំណាយពេលអត់ប្រយោជន៍ហើយ ក្នុងការព្យាយាមចរចាជាមួយបុរសគ្រាប់រ៉ុក្កែត (លោក គីម ជុងអ៊ុន)... រក្សាកម្លាំងរបស់អ្នក រិច យើងនឹងធ្វើអ្វីដែលយើងបាន និងកំពុងធ្វើ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យនោះដែរ បើតាមក្រសួងការបរទេសអាមេរិក កូរ៉េខាងជើង បានបង្ហាញតំរុយហាក់ដូចជាពុំមានចំណាប់អារម្មណ៍ ដើម្បីចូលមកអង្គុយតុចរចា និងនិយាយពីការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយរបបកុម្មុយនីស្ដមួយនេះ ក៏ធ្លាប់អះអាងដែរថា ខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ត្បិតវាជាវិធានការការពារខ្លួនដ៏ប្រសើរបំផុត ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក៕