(ប៉េកាំង)៖ វាគឺជាលើកដំបូងហើយ ដែលរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ បានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្ថិតក្នុងការទាក់ទងគ្នាដោយផ្ទាល់ ជាមួយនិងរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ហើយអាមេរិកក៏បានសួរទៅកាន់ ទីក្រុងព្យុងយ៉ាងផងដែរថា តើពួកគេមានបំណងចង់ពិភាក្សាអំពី ការធ្វើតេស្តមីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ ដែរឬយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន USA Today នៅយប់ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ច នៅឯទីក្រុងប៉េកាំង នៃប្រទេសចិន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន (Rex Tillerson) លើកឡើងថា «ពួកយើងកំពុងតែស្ទាបស្ទង់ស្ថានការណ៍ ដូច្នេះហើយសូមមេត្តារង់ចាំ តាមដានដំណាក់កាលបន្ទាប់ទៀត» ក្រោយពីត្រូវបានចោទសួរថាតើ សហរដ្ឋអាមេរិក ប្រហែលជានឹងចាប់ផ្តើមបើកកិច្ចចរចា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយរបៀបណា។ លោក Tillerson បានបន្ថែមថា «យើងបានដាក់ជាសំណួរថា "តើអ្នកមានបំណងចង់ពិភាក្សាឬចរចាគ្នាដែរទេ?"... យើងមានបណ្តាញទំនាក់ទំនងមួយចំនួនជាមួយទីក្រុងព្យុងយ៉ាង ដោយពួកយើងមិនស្ថិតក្នុងស្ថានភាពងងឹងសូន្យឈឹងទាំងស្រុងឡើយ»។
គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍មួយ កាលពីខែសីហាកន្លងទៅ របស់ទីភ្នាក់ងារព័ត៌មាន Associated Press (AP) អាមេរិក និងកូរ៉េខាងជើង បានពិភាក្សាគ្នាដោយស្ងាត់ៗ អស់រយៈពេលជាច្រើនខែមកហើយ ខណៈការទទួលស្គាល់ជាសាធារណៈ នៃការទាក់ទងគ្នាជាមួយទីក្រុងព្យុងយ៉ាងនេះ បានកើតឡើង បន្ទាប់ពីប្រទេសទាំងពីរ បានផ្តោះប្តូរពាក្យសម្តែងឌឺដងធ្ងន់ៗ ដាក់គ្នាទៅវិញទៅមក ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែង ចុងក្រោយបំផុត នៃនុយក្លេអ៊ែរនិងមីស៊ីលផ្លោង របស់កូរ៉េខាងជើង៕