(ស៊ីដនី)៖ អូស្រ្ដាលីបានសម្រេចចិត្តបញ្ចូននាវាមួយគ្រឿងទៅកាន់ប្រទេស វ៉ានួទូ (Vanuatu) នៅថ្ងៃសៅរ៍នេះ ដើម្បីជួយជម្លៀសប្រជាជនជាង ១១,០០០នាក់ ចេញពីភាគខាងជើងនៃកោះ អាប៊ែ (Ambae) ខណៈភ្នំភ្លើង ម៉ាណារ៉ូ វួអ៊ី (Manaro Voui) ដែលបានផ្ទុះកាលពីសប្ដាហ៍មុន កំពុងគំរាមកំហែងដល់សុខភាពប្រជាជន តាមរយៈផេះ និងទឹកភ្លៀងអាស៊ីត។ ព្រមពេលជាមួយគ្នា ប្រទេសនូវែលសេឡង់ ក៏បានបញ្ជូនជំនួយជួយដល់ ប្រជាជាតិក្នុងតំបន់អាស៊ីប៉ាហ្វិកមួយនេះដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
ទន្ទឹមគ្នានោះដែរ ប្រឈមមុខនឹងគ្រោះធម្មជាតិនេះ រដ្ឋាភិបាល Vanuatu បានសម្រេចរក្សាកំរិតប្រកាសអាសន្នលំដាប់ទី ០៤ដដែល ក្នុងគោលបំណងជួយសម្រួលដល់ការជម្លៀសប្រជាជន ទៅកាន់ក្បែរកោះ មែវ៉ូ (Maewo), ផែនតេកូសត៍ (Pentecost) និងកោះ សាន់តូ (Santo) បន្ទាប់ពីមនុស្សច្រើនជាង ៦,០០០នាក់ កំពុងស្នាក់នៅជម្រកស្នាក់បណ្ដោះអាសន្ន នៅឯកោះភាគខាងត្បូងប៉ាស៊ីហ្វិក។
គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ប្រាក់ជាង ២៥០,០០០ដុល្លារអូស្ត្រាលី សម្រាប់ជំនួយក្នុងនោះរួមមានទាំង ម្ហូបអាហារ ទឹក ជម្រកស្នាក់នៅជាដើម។ ចំណែកឯនូវែលសេឡង់ បានទម្លាក់កញ្ចប់ថវិកាជំនួយ ១០០,០០០ ដុល្លារនូវែលសេឡង់។ Vanuatu គឺជាប្រទេសដែនកោះមានកោះធំៗចំនួន ៨០ ជាមួយប្រជាជន ២៦០,០០០នាក់ និងស្ថិតនៅលើតំបន់ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជាធម្មតាតែងតែជួបប្រទះគ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើង៕