(អង់ការ៉ា)៖ ពីរម្នាក់ម្ដាយ និងកូនស្រីជាជនជាតិស៊ីរី បានសម្រាលកូនប្រុសដូចគ្នាក្នុងពេលតែមួយ បន្ទាប់ពីទទួលការវះកាត់ជាមួយគ្នា នៅឯមន្ទីពេទ្យមួយន្លែងក្នុងប្រទេសតួកគី។ ស្រ្តីទាំង ពីរនាក់បានរត់ភៀសខ្លួនពីប្រទេសស៊ីរី មកកាន់ប្រទេសតួកគីកាលពីបីឆ្នាំមុន ដោយសារតែសង្រ្គាម ហើយអ្នកទំាងពីរក៏ត្រូវបានគេរកឃើញផងដែរថា ចាប់ផ្ដើមមានផ្ទៃពោះក្នុងសប្ដាហ៍ដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Mail នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាម Daily Mail ស្រ្តីជាម្ដាយមានឈ្មោះ ហ្វេតម៉ា ប៊ឺរីនស៊ី (Fatma Birinci) អាយុ ៤២ឆ្នាំ បានផ្ដល់កំណើតដល់កូនរបស់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ពោលគឺក្នុងពេលតែមួយ ដែលកូនស្រីបង្កើតរបស់អ្នកស្រី ឈ្មោះនាង ហ្គេដ ប៊ឺរីនស៊ី (Gade Birinci) អាយុ ២១ឆ្នាំ បានសម្រាលកូននៅមន្ទីរមួយកន្លែងក្នុងទីក្រុង កុនយ៉ា (Konya) ប្រទេសតួកគី។
មួយវិញទៀត សារព័ត៌មានតួកគី អេនសុនហេប៊ឺ (Ensonhaber) ក៏បានរាយការណ៍ដែរថា ពួកគេបានសម្រេចចិត្តដាក់ឈ្មោះឱ្យកូនប្រុសទាំងពិរនាក់ ម្នាក់ឈ្មោះ រ៉េសិព (Recep) និងម្នាក់ទៀតឈ្មោះ តាយយីព (Tayyip) ដែលជាឈ្មោះដំបូងនៃប្រធានាធិបតី លោក អឺដូហ្គាន់ (Recep Tayyip Erdoğan) តែម្តង ដើម្បីរំលឹកដល់ម្ចាស់ប្រទេស ដែលអនុញ្ញាតឲ្យខ្លួនជ្រកកោណ៕