(សេអ៊ូល)៖ ធ្លាប់តែដើរត្រួតពិនិត្យ​មើលការបាញ់​សាកល្បងមីស៊ីល និងកម្លាំងយោធា នៅពេលនេះមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានងាកមកធ្វើ​ទស្សនកិច្ចទៅកាន់កសិដ្ឋាន ដំាបន្លែមួយកន្លែង​យ៉ាងរំភើយ ខណៈទីក្រុងសេអ៊ូល​កំពុងព្រួយបារម្ភ​ខ្លាចក្រែង ទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីល​ឆ្លងទ្វីប ឬក៏អាវុធ​នុយក្លេអ៊ែរ សាជាថ្មីនៅខែតុលា​ខាងមុខនេះ។ នេះបើតាម សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA​ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាម KCNA លោក គីម​ ជុងអ៊ុន បានបំពេញ​ដំណើរទស្សនកិច្ច ទៅកាន់កសិដ្ឋាន​លេខ ១១១៦ ដែលស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយអង្គភាព KPA 180​។ ជាងនេះទៅទៀត នាឱកាសបំពេញ​ទស្សនកិច្ច​នោះដែរ លោក គីម បានអំពាវនាវ​ឱ្យមានការចាប់​អារម្មណ៍កាន់តែខ្លាំង លើកិច្ចខិតខំប្រឹងប្រែង​អភិវឌ្ឍន៍បន្លែថ្មីៗ ដែលផលិតបាន​ទិន្នផល​ខ្ពស់បំផុត ក៏ដូចជាការប្រើប្រាស់គ្រាប់ពូជ​មានគុណភាពល្អ នៅទូទាំងប្រទេស។ KCNA បាន​បន្ថែមថា ដំណើរទស្សនកិច្ចរបស់ លោក គីម ធ្វើឡើងកាលពីដើមខែ​កញ្ញាកន្លងទៅ ពោលគឺក្រោយ​ពេលលោក​បញ្ជាឱ្យ បង្កើតវិទ្យាសា្ថន​បចេ្ចសទេសខាង​កសិកម្មមួយឡើង។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង កូរ៉េខាងជើង​បានដឹកជញ្ជូន​​មីស៊ីលជាច្រើន​ចេញពីឃ្លាំងមីស៊ីលមួយកន្លែង ក្នុងទីក្រុងព្យុងយ៉ាង ហើយពួកគេរំពឹងថា របបកម្មុយនីស្ដនេះ នឹងបង្ករឿងសាជាថ្មី​​នៅអំឡុង​ខែតុលា​​ខាងមុខ៕

.