(ប៉េកាំង)៖ យន្ដហោះពាណិជ្ជកម្មដ៏ធំ ដែលជាការអភិវឌ្ឍរួមគ្នាដោយចិន និងរុស្ស៊ីត្រូវបានដាក់ឈ្មោះជាផ្លូវការហើយថា CR929។ ការដាក់ឈ្មោះនេះធ្វើឡើងនៅអំឡុងពិធីមួយ រៀបចំឡើងនៅឯក្រុមហ៊ុន Commercial Aircraft Corp of China (COMAC) កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
នៅអំឡុងពិធីនោះដែរ ក្រុមហ៊ុន China-Russia Commercial Aircraft International Co Ltd (CRAIC) ដែលជាក្រុមហ៊ុនមានភាគហ៊ុនរួមគ្នា រវាងក្រុមហ៊ុន COMAC និងក្រុមហ៊ុន Russia's United Aircraft Corp (UAC) បង្កើតឡើងកាលពីខែឧសភា មានមូលដ្ឋានក្នុងទីក្រុងសៀងហៃ បានប្រកាសយក CR929 ជាឈ្មោះយន្ដហោះរបស់ពួកគេ និង Logo លាយពណ៌ក្រហម និងខៀវ។ អក្សរ C គឺ តំណាងឱ្យប្រទេសចិន និង R តំណាងឱ្យប្រទេសរុស្ស៊ី ចំណែកឯលេខ ៩ គឺជាលេខធំបំផុតតែមួយគត់ និងមានន័យថាយូអង្វែងក្នុងភាសាចិន ហើយលេខ ២ គឺតំណាងឱ្យភាគីទាំងពីរដែល កំពុងធ្វើការងាររួមគ្នាក្នុងការអភិវឌ្ឍយន្ដហោះ។
គួរបញ្ជាក់ថា បើតាមលោក ហេ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុន COMAC ភាគីរុស្ស៊ី និងចិន នឹងជំរុញការស្រាវជ្រាវ អភិវឌ្ឍន៍ ប្រតិបត្តិ និងលក់យន្ដហោះ CR929 មានកៅអីអង្គុយ ២៨០កន្លែង នៅ១០ឆ្នាំបន្ទាប់៕