(សេអ៊ូល)៖ កូរ៉េខាងជើងបានដឹកជញ្ជូនមីស៊ីលជាច្រើន ចេញពីឃ្លាំងមីស៊ីលមួយកន្លែងក្នុងទីក្រុងព្យុងយ៉ាង ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា របបកម្មុយនីស្ដមួយនេះអាចនឹងបង្ក រឿងសាជាថ្មីនៅអំឡុងខែតុលាខាងមុខនេះ។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាម Reuters ដោយផ្អែកលើសេចក្ដីរាយការណ៍ របស់ស្ថានីយ៍ទូរទស្សន៍កូរ៉េខាងត្បូង KBS ដែលទទួលបានពី ប្រភពចារកម្មមិនបញ្ជាក់អត្តសញ្ញាណបានឱ្យដឹងថា ក្រុមមន្ត្រីចារកម្មកូរ៉េខាងត្បូង និងអាមេរិកចាប់បានសញ្ញាថា ទីក្រុងព្យុងយ៉ាងបានដឹកជញ្ជូនមីស៊ីល ចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មីស៊ីល សាណាំ ដុង (Sanum-dong) ស្ថិតនៅភាគខាងជើងទីក្រុងព្យុងយ៉ាង។ ក៏ប៉ុន្តែ របាយការណ៍នេះមិនបានបញ្ជាក់ ពីពេលវេលានៃការដឹកជញ្ជូនមីស៊ីលនេះទេ គ្រាន់តែឱ្យដឹងថា មីស៊ីលទាំងនោះជាប្រភេទមីស៊ីលរយៈចំងាយមធ្យម Hwasong-12 ឬក៏មីស៊ីល ICBM Hwasong-14។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង កូរ៉េខាងជើងទំនងជាអាចនឹងបង្ករឿងសាជាថ្មីនៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែតុលា នាឱកាសនៃការប្រារព្ធខួបថ្ងៃបង្កើតគណបក្សពលករកូរ៉េ និងការបើកសមាជរបស់គណបក្សកុម្មុយនីស្ដចិន៕