(បាស់សេឡូណា)៖ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នា នៅក្នុងទីក្រុងបាស់សេឡូណា ដើម្បីធ្វើយុទ្ធនាការថ្ងៃចុងក្រោយ គាំទ្រដល់ការបោះឆ្នោតប្រកាសឯករាជ្យសម្រាប់តំបន់ Catalan ដែល គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យស្អែកនេះ។ តំបន់ Catalan មានប្រជាជន ៧.៥លាននាក់ និងស្ថិតនៅភាគឦសានប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
ប៉ូលិសរាប់ពាន់នាក់ត្រូវបានគេដាក់ពង្រាយនៅទូទាំងប្រទេសអេស្ប៉ាញ ខណៈរដ្ឋាភិបាលទីក្រុងម៉ាឌ្រីត កំពុងស្វែងរកមធ្យោបាយទប់ស្កាត់ កុំឱ្យការបោះឆ្នោតអាចប្រព្រឹត្តទៅបាន។ ជាមួយគ្នានោះ ក្រុមហ៊ុន Google ក៏បានលុបចេញកម្មវិធីនៅលើទូរស័ព្ទដែលគេកំពុងប្រើប្រាស់ ដើម្បីជំរុញឱ្យអ្នកបោះឆ្នោតទាំងអស់ធ្វើដំណើរទៅការិយាល័យបោះឆ្នោតផងដែរ ហើយក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើអនុឡោមតាមបញ្ជាពីតុលាការ។
គួរបញ្ជាក់ថា អ្នកប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងតំបន់ ដែលបានព្យាយាមទាញយកកម្មវិធីនេះពី Google Play ទទួលបានសារមួយដែលនិយាយថា កម្មវិធីនេះត្រូវបានគេលុបចោល ប៉ុន្តែអ្នកទាញយកកម្មវិធីនេះបញ្ចូលក្នុងទូរស័ព្ទដៃរួចហើយ អាចបន្តប្រើប្រាស់វាដដែល។ ទោះបីជាមានការបោះឆ្នោតបែបនេះក្តី ក៏វាមិនបានប្រាកដថា តំបន់នេះនឹងអាចទទួលបានឯករាជ្យនោះដែរ ដោយសារតែវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអេស្ប៉ាញ ដែលជាអ្នកសម្រេចចុងក្រោយដដែល៕