(អូស្ត្រាលី)៖ ក្តីស្រមៃរបស់មនុស្សរាប់ទសវត្សរ៍មនុស្ស អាចនឹងក្លាយជាការពិតក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយក្រុមហ៊ុនអវកាស SpaceX ដ៏ធំរបស់សហរដ្ឋអាមេរិក ដែលតែងតែរកស៊ីជាមួយអង្គការ NASA នោះ បានបង្ហាញផែនការរបស់ខ្លួនយ៉ាងឱឡារឹកថា ក្រុមហ៊ុននេះនឹងដឹកនាំមនុស្សទៅកាន់ភពព្រះអង្គារ ឲ្យបាននៅឆ្នាំ២០២៤ ដូច្នេះវានៅតែ ០៦ឆ្នាំ ទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
លោក អ៊ីឡូន ម៉ាសក៍ នាយកប្រតិបត្តិរបស់ SpaceX បានថ្លែងដូចខាងលើនេះ នៅក្នុងថ្ងៃចុងក្រោយនៃការបិទសមាជតារាសាស្ត្រអន្តរជាតិលើកទី ៦៨ នៅទីក្រុងអាដេឡែដ នៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧។ ព័ត៌មានបានបន្តទៀតថា លោក ម៉ាសក៍ ដែលជាប្រធានក្រុមហ៊ុន Tesla ផងដែរនោះបាននិយាយថា «ក្រុមហ៊ុន SpaceX ប្តេជ្ញាបញ្ជូនយានដឹកទំនិញដំបូងនៅកាន់ភពព្រះអង្គារនៅឆ្នាំ២០២២ និងនាំមនុស្សទៅភពអង្គារនៅឆ្នាំ២០២៤»។
បន្ថែមពីនេះ ក្រុមហ៊ុនដែលមានកិច្ចសហការជាប្រចាំជាមួយអង្គការ NASA នេះនឹងធ្វើប្រតិបត្តិការទៅភពអង្គារជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំម្តង នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០។ គោលដៅទៅភពអង្គារនេះ គឺដើម្បីឲ្យមនុស្សគ្រប់គ្នាបានស្វែងយល់ថា តើភពក្រហមនេះពិតជាកន្លែងដែលប្រសើរសម្រាប់មនុស្សធ្វើអាណានិគម រាប់សតវត្សរ៍ទៅមុខមែនឬទេ។ ការប្រកាសខាងលើនេះ ក៏ស្របពេលនៃការបង្ហាញគ្រាប់រ៉ុក្កែតដឹកនាំយានប្រភេទថ្មី ដែលមានឈ្មោះថា BFR នោះផងដែរ។
គួរបញ្ជាក់ថា ការប្រកាសដ៏គួរភ្ញាក់ផ្អើលនេះ បានកើតមានឡើងប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារអវកាសអាមេរិក NASA របស់សហរដ្ឋអាមេរិក បានសារភាពឲ្យដឹងថា ខ្លួនពុំមានកញ្ចប់ថវិកាឧបត្ថម្ភគ្រប់គ្រាន់ សម្រាប់ចេញបេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ (Mars) នោះឡើយ។ នៅក្នុងអំឡុងនៃកិច្ចប្រជុំមួយរបស់វិទ្យាស្ថានអវកាស និងអវកាសយានិកអាមេរិកនាសប្តាហ៍នេះ ប្រធានបេសកកម្មបញ្ជូនមនុស្ស ធ្វើដំណើរក្នុងលំហអវកាស លោក Willianm H. Gerstenmaier នៃទីភ្នាក់ងារអវកាស NASA បានលាតត្រដាងឲ្យដឹងថា «NASA មិនអាចកំណត់កាលបរិច្ឆេទ សម្រាប់បេសកកម្មបញ្ជូនក្រុមអវកាសយានិក ទៅកាន់ភពអង្គារបានឡើយ ដោយសារកង្វះខាតផ្នែកហិរញ្ញវត្ថុ»។
ការសារភាពដ៏អាម៉ាស់នេះបានកើតឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្តេជ្ញាថា នឹងចាប់ផ្តើមយុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យអវកាស ជាមួយការវិលត្រឡប់ទៅសិក្សាស្រាវជ្រាវលើឋានព្រះច័ន្ទវិញ រួមនិងការបញ្ជូនក្រុមអវកាសយានិកឲ្យទៅជាន់ដីភពព្រះអង្គារ។ យ៉ាងណាមិញ លោក Gerstenmaier ក៏បានឲ្យតំរុយផងដែរថា អង្គការ NASA ប្រហែលជាងាកទៅផ្តោតសំខាន់លើ ការវិលត្រឡប់ទៅកាន់ឋានព្រះច័ន្ទវិញ៕