(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកមិនទទួលស្គាល់ឡើយការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យ របស់រដ្ឋាភិបាលឃើដអ៊ីរ៉ាក់ តែជាមួយគ្នា លោកក៏បានប្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ឈប់សកម្មភាពគំរាមកំហែងដាក់គ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសុក្រ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក មិនទទួលស្គាល់ការបោះឆ្នោតប្រជាមតិប្រកាស ឯករាជ្យឯកតោភាគីរបស់រដ្ឋាភិបាលឃើដ កាលពីថ្ងៃចន្ទនោះទេ... ត្បិតការបោះឆ្នោតនេះធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ហើយយើងនឹងនៅតែបន្តការគាំទ្រដល់ការឯកភាពជាតិ សម្ព័ន្ធភាព និងភាពរុងរឿងរបស់អ៊ីរ៉ាក់ជានិច្ច។ ប៉ុន្តែជាមួយគ្នាយើង ជំរុញផងដែរឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងបញ្ចប់ការប្រើសំឡេងរើសអើង និងសកម្មភាពគំរាមដាក់គ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃសុក្រ បានសម្រេចចិត្ត ផ្អាករាល់ជើងហោះហើរស៊ីវិលទាំងអស់ ទៅនិងមកតំបន់ស្វយ័តឃើដ ជាការឆ្លើយតបនឹងលទ្ធផលឆ្នោត កាលពីថ្ងៃទី២៥ ខែកញ្ញា របស់ប្រជាពលរដ្ឋឃើដនៅអ៊ីរ៉ាក់ ដែលក្នុងនោះសំឡេងដល់ទៅ ៩៣ភាគរយ បានសម្រេចចង់បំបែកខ្លួនចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងបាកដាដ ហើយបង្កើតរដ្ឋមួយដោយខ្លួនឯងផ្ទាល់ ខណៈតួកគី អ៊ីរ៉ង់ និងស៊ីរី ក៏ជំទាស់នឹងឯករាជ្យរបស់ឃើដដែរ៕