(គូឡាឡាំពួ)៖ ស្ត្រីពីរនាក់ដែលជាប់ចោទថា បានចូលរួមក្នុងអំពើឃាតកម្ម លើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ ត្រូវបានគេរំពឹងថានឹងមិនសារភាពពីទោសកំហុសឡើយ នៅពេលពួកគេត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការម៉ាឡេស៊ី នៅចន្ទសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
នាង ស៊ីទី អៃស៍យ៉ាហ៍ (Siti Aisyah) ជាពលរដ្ឋឥណ្ឌូនេស៊ី មានអាយុ២៥ឆ្នាំ និងនាង ដូន ធីហួង (Doan Thi Huong) មានអាយុ ២៨ឆ្នាំ មកពីប្រទេសវៀតណាម ត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចោទប្រកាន់ថា ជាឃាតកសម្លាប់លោក គីម ជុងណំា នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ដោយប្រើប្រាស់សារធាតុគីមពុល VX ដែលត្រូវបាន UN ចាត់ទុកថាអាវុធដ៏ប្រល័យ។
យ៉ាងណាក៏ដោយ ស្ត្រីទាំងពីរនាក់ធ្លាប់បានប្រាប់មេធាវីរបស់ខ្លួនថា ពួកគេមិនបានដឹងថាពួកគេបានចូលរួមក្នុងអំពើឃាតកម្មនេះទេ ព្រោះជឿជាក់ថា វាគ្រាន់តែជាការសម្ដែងខ្សែភាពយន្តពិតៗ តាមកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ។ «ពួកគេ (ស្ត្រីទាំងពីរនាក់) នឹងរក្សាគោលជំហរថា ខ្លួនគ្មានទោសពៃអ្វីទាំងអស់... Huong ចេះការពារខ្លួនឯងដ៏ប្រសើរ ហើយយើងមានភស្ដុតាងគ្រប់គ្រាន់ ដើម្បីការពារក្ដី»។ នេះគឺជាការលើកឡើងរបស់មេធាវីនាង Huong លោក Hisyam Teh ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថា បើសិនជាតុលាការម៉ាឡេស៊ី រកឃើញថាស្ត្រីទាំងពីរនាក់ខាងលើ មានទោសមែន នោះពួកនាងនឹងត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ខណៈសវនាការក្ដីនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ អាចនឹងមានរយៈពេលដល់ថ្ងៃទី៣០ ខែវិច្ឆិកា៕