(ឃើដ)៖ ការសម្រេចចិត្តរបស់ទីក្រុងបាដាដ ក្នុងការផ្អាករាល់ជើងហោះហើរស៊ីវិលទាំងអស់ ទៅនិងមក តំបន់ស្វយ័តឃើដនោះ នឹងបង្កផលប៉ះពាល់ជាខ្លាំង ដល់យុទ្ធនាការយោធាអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS រួមទាំងកិច្ចសន្ទនាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ស្តីពីលទ្ធផលនៃការបោះឆ្នោតប្រជាមតិ សំដៅប្រកាសឯករាជ្យ របស់ក្រុមអ៊ីរ៉ាក់-ឃើដ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការលើកឡើងពីមន្រ្តីជាន់ខ្ពស់ឃើដម្នាក់ ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
លោក គីហ្វា ម៉ាមួដ (Kifah Mahmoud) ឧត្តមទីប្រឹក្សារបស់ប្រធានាធិបតីឃើដ លោក ម៉ាស្សួដ បាហ្សានី (Massoud Barzani) បានថ្លែងថា «ព្រលានយន្តហោះនៃទីក្រុង អឺប្រ៊ីល (Erbil) និង ស៊ូឡាយម៉ានីយ៉ាហ៍ (Sulaymaniyah) មានផលប្រយោជន៍ដល់ទីក្រុងបាកដាដ ច្រើនជាងសម្រាប់ពួកយើងផ្ទាល់ទៅទៀត ដោយសារតែពួកគេកំពុងត្រូវប្រើប្រាស់ដោយកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងចំរុះអន្តរជាតិ នៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម ISIS» ខណៈការបង្គាប់បញ្ជាពីសំណាក់រដ្ឋាភិបាលអ៊ីរ៉ាក់។
មន្រ្តីជាន់ខ្ពស់ឃើដរូបនេះបានបន្ថែមថា បើតាមទស្សនៈរបស់យោធា អាកាសយានដ្ឋានទាំង ០២កន្លែង គឺមានសារៈសំខាន់ខ្លាំង ចំពោះកិច្ចប្រឹងប្រែងក្នុងសមរភូមិ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់ ដោយសារតែពួកវា មានបំពាក់បរិក្ខាក៏ដូចជាសម្ភារៈល្អៗ ជាងព្រលានយន្តហោះនៅទីក្រុងបាកដាដ ហើយស្ថិតនៅក្បែរទីតាំងប្រយុទ្ធសំខាន់ៗថែមផង។
គួរបញ្ជាក់ថា ការបង្គាប់បញ្ជានេះពីរដ្ឋាភិបាលអ៊ីរ៉ាក់ បានដាក់សម្ពាធកាន់តែខ្លាំងថែមទៀត ដើម្បីបដិសេធលទ្ធផលឆ្នោត កាលពីថ្ងៃទី២៥ ខែកញ្ញា របស់ប្រជាពលរដ្ឋឃើដ នៅអ៊ីរ៉ាក់ ដែលក្នុងនោះសំឡេងដល់ទៅ ៩៣ភាគរយ បានសម្រេចចង់បំបែកខ្លួនចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងបាកដាដ ហើយបង្កើតរដ្ឋមួយដោយខ្លួនឯងផ្ទាល់៕