(ព្យុងយ៉ាង)៖ ខណៈសង្រ្គាមពាក្យសម្ដីរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន កំពុងកើនឡើងកាន់តែខ្លាំង កូរ៉េខាងជើងបានដាក់តាំងបង្ហាញនៅលើបណ្ដាញអ៊ីនធើណែត នូវរូបភាពជាច្រើនសន្លឹក ដែលពួកគេចោទថា ជាទង្វើសាហាវព្រៃផ្សៃរបស់កងទ័ពអាមេរិក ប្រព្រឹត្តលើប្រជាជនកូរ៉េខាងជើង កាលពីអំឡុងសម័យសង្រ្គាមកូរ៉េ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
រូបថតជាច្រើន បង្ហាញពីសកម្មភាពកងទ័ពអាមេរិក កាប់សម្លាប់រង្គាលប្រជាជនកូរ៉េខាងជើង មិនថាក្មេងចាស់ប្រុសស្រី នៅអំឡុងសម័យសង្រ្គាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ ត្រូវបានចេញផ្សាយ ដោយសារៈមន្ទី North Korean Museum of American War Atrocities ហើយគេជឿជាក់ថា រូបភាពទាំងនេះត្រូវបានគូសនៅឆ្នាំ២០០៥។
ដោយឡែក បើតាមអ្នកប្រវតិ្តសាស្ត្រ កូរ៉េខាងជើង កងទ័ពអាមេរិក និងកូរ៉េខាងត្បូង នៅសម័យនោះបានកាប់សម្លាប់ និងធ្វើទារុណកម្មលើប្រជាជនស៊ីវិលកូរ៉េខាងជើង ៣៥,០០០នាក់ ក្នុងរយៈពេល ៥២ថ្ងៃ នៅក្នុងទីក្រុង ស៊ីនឆុន (Sinchon) នៃខេត្ត វ៉ាងហេ (Hwanghae) ឬក៏ប្រជាជនកូរ៉េខាងជើង តែងតែហៅថាថា Sinchon Massacre ឬការសម្លាប់រង្គាលនៅ Sinchon។
គួរបញ្ជាក់ថា នៅក្នុងរូបថតត្រូវបានបង្ហោះ ទីក្រុងព្យុងយ៉ាងបានរៀបរាប់ពីអំពើឃោឃៅរបស់កងទ័ពអាមេរិក ក្នុងនោះមានដូចជា ការដកធ្មេញស្ត្រីម្នាក់ ការដុតសម្លាប់បុរសម្នាក់ទាំងរស់ ការព្យូករ និងប្រលែងឆ្កែឱ្យខាំជាដើម។ បន្ថែមពីនេះលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០១៤ ក៏ធ្លាប់បានទៅទស្សនាសារៈមន្ទីរខាងលើផងដែរ ដោយនៅកាលណោះលោក បានហៅជនជាតិអាមេរិក ថា ជាមនុស្សស៊ីសាច់មនុស្ស និងឃាតកមុខស្រស់៕