(ម៉ិចស៊ីកូ)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារក្បែរឆ្នេរភាគខាងត្បូងប្រទេសម៉ិចស៊ីកូ នាថ្ងៃសុក្រនេះ ពោលគឺជាងមួយសប្តាហ៍ក្រោយពី ហេតុការណ៍រញ្ជួយផែនដីដ៏សាហាវកម្រិត ៧.១ រ៉ិចទ័រ ដែលបានអង្រួនតំបន់ភាគកណ្តាល និងអាគ្នេយ៍ប្រទេសនេះ និងធ្វើឲ្យមនុស្សយ៉ាងតិចជិត ៣៥០នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
បើតាម USGS គ្រោះរញ្ជួយដីខាងលើ មានចំណុចរំញ័រនៅចម្ងាយ ១២៤គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Tres Picos ជាមួយនិងជម្រៅ ២៤គីឡូម៉ែត្រ ពីក្រោមផ្ទៃសមុទ្រ។ ដោយឡែក ពុំមានសេចក្តីរាយការណ៍ណា ស្តីពីមនុស្សស្លាប់-របួស ឬក៏សេចក្តីព្រមានចំពោះរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយគ្រោះធម្មជាតិថ្មីនេះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញានេះ គ្រោះរញ្ជួយដី៧.១រ៉ិចទ័រ បានអង្រួនបណ្តារដ្ឋភាគកណ្តាល និងខាងត្បូងម៉ិចស៊ីកូ យ៉ាងកម្រោល ដែលវាបានធ្វើឲ្យអគាររាប់សិបខ្នងដួលរលំ និងរាប់ពាន់ខ្នងខូចខាត ហើយបណ្តាលមនុស្សយ៉ាងតិច ៣៤៤នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស។ ក្រោយពីកើតមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះ សកម្មភាពរំញ័រមួយចំនួនផ្សេងទៀត បានកើតឡើងជាបន្តបន្ទាប់ នៅម្តុំតំបន់ភាគខាងត្បូងប្រទេសម៉ិចស៊ីកូ៕