(សូម៉ាលី)៖ ក្រុមសកម្មប្រយុទ្ធ អាល់ ហ្សាបាអាប់ (al Shabaab) បានបើកការវាយប្រហារទៅលើបន្ទាយយោធាមួយកន្លែង ស្ថិតនៅជាយក្រុង ម៉ុហ្គាឌីស៊ូ (Mogadishu) នៃប្រទេសសូម៉ាលី ដោយប្រើប្រាស់រថយន្តបង្កៃគ្រាប់បែក និងកាំភ្លើង ហើយបានបណ្តាលឲ្យទាហានយ៉ាងតិច ១៧នាក់ និងជាលទ្ធផលក្រុមប្រដាប់អាវុធនេះ បានគ្រប់គ្រងកាន់កាប់មូលដ្ឋានយោធានោះ រួមទាំងបរិវេណដែលនៅក្បែរខាងផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២៩ ខែកញ្ញា ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់ក្រុមឧទ្ទាម al Shabaad ឈ្មោះ អាប៊ូ មូសាប់ (Abu Musab) បានប្រាប់ Reuters ថា អ្នកប្រយុទ្ធរបស់យើងចំនួន ០២នាក់ បានបើករថយន្តបង្កៃគ្រាប់បែក បំបុកចូលទៅក្នុងបន្ទាយយោធា បារីរ៉េ (Barire) ហើយពួកយើងបានផ្តាច់ជីវិតកងទ័ព ១៧នាក់ និងកម្ទេចរថពាសដែក ០៧គ្រឿង ផ្សេងទៀត។ ទន្ទឹមនឹងនោះ ទាហានដទៃៗទៀត បានរត់បាតជើងសព្រាតចូលក្នុងព្រៃបាត់ ហើយខណៈពេលនេះ យើងកំពុងគ្រប់គ្រងមូលដ្ឋានទ័ពនេះ។
គួរបញ្ជាក់ថា ក្រុម al Shabaab ដែលជាបណ្តាញរបស់ពួកអាល់កៃដានេះ ត្រូវបានវាយបណ្តេញចេញពីទីក្រុង Mogadishu រដ្ឋធានីសូម៉ាលី កាលពីឆ្នាំ២០១១ តែនៅតែបន្តធ្វើការវាយឆ្មក់ជារឿយៗ ទៅលើកងកម្លាំងសន្តិសុខ និងមន្រ្តីរដ្ឋាភិបាល និងសូម្បីតែជនស៊ីវិលស្លូតត្រង់ថែមទៀតផង ហើយពួកគេពេលខ្លះ ក៏បានបើកការវាយប្រហារទៅលើកម្លាំងរក្សាសន្តិភាព របស់សហភាពអាហ្រ្វិកផងដែរ៕