(សេអ៊ូល)៖ អនាគតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងទៅកាន់ប្រទេសរុស្ស៊ី នាថ្ងៃសុក្រនេះបានគូសបញ្ជាក់ថា ទីក្រុងម៉ូស្គូមានសារៈសំខាន់ជាខ្លាំង ក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
លោក វូ យូន គឺន (Woo Yoon-keun) ដែលនឹងក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងត្បូង ប្រចាំនៅទីក្រុងម៉ូស្គូ បានធ្វើការលើកឡើងបែបនេះ ក្នុងអំឡុងនៃការថ្លែងសុន្ទរកថារបស់លោក នៅឯសន្និសីទស្តីពីទំនាក់ទំនងកូរ៉េ-រុស្ស៊ី ដែលធ្វើឡើងនៅក្នុងរដ្ឋធានីសេអ៊ូល និងមានការចូលរួមពីសំណាក់ ក្រុមមន្រ្តីក៏ដូចជាអ្នកជំនាញពីប្រទេសទាំងពីរ។
នាឱកាសនោះ លោក Woo បានថ្លែងថា «រុស្ស៊ីគឺជាប្រទេសដ៏សំខាន់បំផុតមួយ ក្នុងការដោះស្រាយស្ថានការណ៍បន្ទាន់ ដូចជាបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាដើមនេះ ដើម្បីជួយត្រួសត្រាយផ្លូវ ឈានទៅរកការបង្រួបបង្រួមនៃតំបន់ឧបទ្វីបកូរ៉េ និងក្នុងការធ្វើជាអាជ្ញាកណ្តាលសម្របសម្រួល ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងចិន»។
គួរបញ្ជាក់ថា លោក Woo Yoon-keun ដែលជាអគ្គលេខាធិការនៃរដ្ឋសភាកូរ៉េខាងត្បូង ត្រូវបានជ្រើសរើសឲ្យកាន់មុខតំណែង ជាអ្នកតំណាងកំពូលរបស់ប្រទេសអាស៊ីខាងកើតមួយនេះ នៅឯទីក្រុងម៉ូស្គូ កាលពីដើមខែកញ្ញានេះ៕