(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Uriminzokkiri នៅថ្ងៃសុក្រនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើសមយុទ្ធយោធាជើងអាកាសនាពេលថ្មីៗនេះ របស់យន្ដហោះទម្លាក់គ្រាប់បែក និងយន្ដហោះចម្បំាងអាមេរិកជាច្រើនគ្រឿង នៅក្បែរតំបន់ឆ្នេរភាគខាងកើតកូរ៉េខាងជើង ហើយថា វាគឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងមិនអាចអត់ឱនឱ្យបាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន Uriminzokkiri បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការហោះហើររបស់យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-1B នៅក្បែរតំបន់ឆ្នេរភាគខាងកើត គឺជាសកម្មភាពគ្រោះថ្នាក់ជាទីបំផុត និងមានតែធ្វើឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែស្មុគស្មាញ... ហើយសកម្មភាពប្រឆាំងទីក្រុងព្យុងយ៉ាងរបៀបនេះ គឺជារឿងមិនអាចទទួលយកបាន ក៏ដូចជាមិនអាចមើលរំលងបានជាដាច់ខាត... ក៏ប៉ុន្តែនៅពេលនេះ សហរដ្ឋអាមេរិក បែរជាបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ដោយមិនបានប្រឹក្សាយោបល់ជាមួយអាយ៉ង (កូរ៉េខាងត្បូង) ជាមុនទៅវិញ»។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧នេះ សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-1B ឱ្យទៅហោះហើរនៅលើដែនអាកាសឧបទ្វីបកូរ៉េចំនួន ១៩លើក ក្រោមក្របខណ្ឌនៃការ ធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។ ដូច្នេះនេះមិនមែនជារឿងចម្លែកឡើយ ដែលកូរ៉េខាងជើងថ្កោលទោសរបៀបនេះ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភគឺថា ជម្លោះប្រដាប់អាវុធអាចនឹងផ្ទុះឡើង ជាយថាហេតុណាមួយ ក្រោយទីក្រុងព្យុងយ៉ាង គំរាមបាញ់ទម្លាក់យន្ដហោះចម្បាំងអាមេរិក ហោះនៅក្បែរដែនអាកាសរបស់ខ្លួន៕