(បាងកក)៖ អតីតនាយករដ្ឋ​មន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវគេអះអាងថា កំពុងស្ថិត​នៅក្នុងទីក្រុង​ឡុងដ៍ ដើម្បីស្វែងរកសិទ្ធិ​ជ្រកកោណនៅចក្រភពអង់គ្លេស បន្ទាប់ពីតុលាការ​កំពូលថៃ​នាសប្តាហ៍នេះ បានសម្រេចប្រកាស​ផ្តន្ទាទោស​រូបលោកស្រី ដាក់ពន្ធនាគារ​រយៈពេល ០៥ឆ្នាំ ជុំវិញសំណុំរឿង​គោលនយោបាយ​ ជួយទិញស្រូវអង្ករពីប្រជាកសិករថៃ ដែលបានធ្វើឲ្យខាតបង់​ថវិការដ្ឋយ៉ាងច្រើន​​សន្ធឹកសន្ធាប់ កាលពីអាណត្តិកាន់​អំណាច​របស់លោកស្រី។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន CNN នៅព្រឹក​ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដែលទទួលបាន​ប្រភព​ពីមន្ត្រី នៅក្នុងគណបក្ស Pheu Thai របស់លោកស្រី។

កាលពីថ្ងៃពុធសប្តាហ៍​នេះ តុលាការកំពូលនៃ​ប្រទេសថៃ បានសម្រេចកាត់ទោស​លោកស្រី យីកឡាក់ ​ដោយកំបាំងមុខ ជុំវិញ​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស ​ដែលបានធ្វើឲ្យប្រជាជាតិអាស៊ីគ្នេយ៍នេះ ខាតបង់ថវិកាជាង ០៨ពាន់លានដុល្លារ ឲ្យ​ជាប់​ពន្ធ​នា​គារ​សម្រាប់រយៈ​ពេល ​០៥ឆ្នាំ ខណៈអតីត​នាយករដ្ឋមន្រ្តី​រូបនេះ បានរត់គេចខ្លួនចេញ​ទៅក្រៅប្រទេស តាំងតែពីមុនថ្ងៃគ្រោងប្រកាស​សាល​ក្រម​ជាលើក​​ដំបូង​​ទៅ​​ទៀត កាលពីខែសីហា​កន្លងទៅ។

ជុំវិញបញ្ហាទីតាំងស្ថិត​នៅពិតប្រាកដ នាពេលបច្ចុប្បន្នរបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ​លោក ប្រាយុទ្ធ ចាន់អូចា បានឲ្យដឹងកាលពី​ថ្ងៃព្រហស្បតិ៍ថា លោកស្រី យីងឡាក់ កំពុងសំងំ​លាក់ខ្លួន នៅក្នុងទីក្រុង​ឌូបៃ នៃប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​ ជាទីដែលបង​ប្រុសបង្កើតរបស់​លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលធ្លាប់ធ្វើជា​មេដឹកនាំថៃមួយរូប​ដែរនោះ កំពុងរស់នៅ​ដោយ​និរទេសខ្លួន។ ដោយឡែក​នាថ្ងៃសុក្រនេះ ប្រភពពីមន្រ្តីនៅ​បក្សភឿថៃ បានប្រាប់ CNN ថា លោកស្រី យីងឡាក់ បានចាកចេញ​ពីឌូបៃ ទៅកាន់ទីក្រុង​ឡុងដ៍ តាំងពី​០២សប្តាហ៍មុនម្ល៉េះ។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយ ធ្វើឡើងកាលពី​ឆ្នាំ២០១៦ លោកស្រី​ យីងឡាក់ ធ្លាប់បានសន្យា​យ៉ាងមុតមាំថា នឹងនៅប្រឈម​មុខជា​មួយរឿងក្តីរបស់លោកស្រី តាំងពីដើមរហូតដល់​ទីបញ្ចប់ ដោយលោកស្រី មិនដែលគិតថា នឹងរត់ភៀសខ្លួន​ចាកចេញ​ពី​ប្រទេស​​កំណើតរបស់លោកស្រី​នោះឡើយ៕