(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Google បានបន្តគ្រប់គ្រងតំណែងជើងឯកលេខ០១ និងលេខ០២ ដដែលនៅក្នុងបញ្ចីឈ្មោះស្លាកយីហោដែលល្អជាងគេបំផុត នៅលើពិភពលោក ដែលសម្រិតសម្រាំងដោយ Interbrand ប្រចាំឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយវែបសាយ Tech Crunch នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមហ៊ុនផ្តល់ការប្រឹក្សាផ្នែកស្លាកយីហោ Interbrand តែងតែបានចេញផ្សាយបញ្ជី Best Global Brands របស់ខ្លួនជារៀងរាល់ឆ្នាំ ចាប់តាំងតែពីឆ្នាំ២០០០មក ហើយក្រុមហ៊ុននេះបានអះអាងថា ការផ្តល់ចំណាត់ ត្រូវបានធ្វើឡើងដោយផ្នែកទៅលើកត្តារួមសំខាន់ៗជាច្រើន រួមមានទាំងហិរញ្ញវត្ថុ, ផលិតផល, សេវាកម្ម, ឥទ្ធិពលនៃស្លាកយីហោនីមួយៗទៅលើជម្រើសអតិថិជន, និងសមត្ថភាពគ្រប់គ្រងទៅលើតម្លៃ ក៏ដូចជាចំណូលជាដើម។
ជាមួយចំណាតថ្នាក់ថ្មីសម្រាប់ឆ្នាំនេះ Apple និង Google បានឈរលើលេខទី០១ និងទី០២ សម្រាប់រយៈពេល ០៥ឆ្នាំ ជាប់ៗគ្នាហើយ ខណៈក្រុមហ៊ុន Microsoft បានឡើងដល់ចំណាត់ថ្នាក់លេខ០៣ និងតាមពីក្រោយដោយក្រុមហ៊ុនភេសជ្ជៈ Coca Cola ដែលស្លាកយីហោតែមួយគត់ មិនជាស្លាកយីហោបច្ចេកវិទ្យា នៅក្នុងចំណោមស្លាកយីហោកំពូលៗទាំង០៥ ដែលមានក្រុមហ៊ុន Amazon ឈរនៅលេខរៀងទី០៥នេះ។
គួរបញ្ជាក់ថា នាឆ្នាំ២០១៧នេះ Apple មានតម្លៃស្លាកយីហោ១៨៤ពាន់លានដុល្លារ (កើន០៣ភាគរយ ធៀបនឹងឆ្នាំមុន), Google មានតម្លៃ ១៤២ពាន់លានដុល្លារ (កើន០៦ភាគរយ), Microsoft មានតម្លៃ៨០ពាន់លានដុល្លារ (កើន១០ភាគរយ), Coca Coca តម្លៃ៧០ពាន់លានដុល្លារ (ថយ០៥ភាគរយ), Amazon តម្លៃ៦៥ពាន់លានដុល្លារ (កើន២៩ភាគរយ)។
ដោយឡែក សម្រាប់ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតរួមមាន ទី០៦៖ Samsung មានតម្លៃ ៥៦ពាន់លានដុល្លារ (កើន០៩ភាគរយ), ទី០៧៖ Toyota តម្លៃ ៥០ពាន់លានដុល្លារ (ថយ០៦ភាគរយ), ទី០៨៖ Facebook តម្លៃ៤៨ពាន់លានដុល្លារ (កើនដល់ទៅ ៤៨ភាគរយ ដែលជាកំណើនច្រើនជាងគេបំផុត), ទី០៩៖ Mercedes-Benz តម្លៃជិត ៤៨ពាន់លានដុល្លារ (កើន១០ភាគរយ), ១០៖ IBM តម្លៃ ៤៧ពាន់លានដុល្លារ (ថយ១១ភាគរយ)៕