(វ៉ាស៊ីនតោន)៖ ក្រុម ISIS បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈការបង្ហោះខ្សែអាត់សំឡេងមួយ ដែលហាក់ដូចជាសំឡេងនៃមេដឹកនាំរបស់ពួកគេគឺ លោក អាប៊ូ បាក អាល់ បាហ្គដាឌី (Abu Bakr al-Baghdadi) ហើយធ្វើឲ្យគេសន្មត់ថា លោកអាចនៅមានជីវិត មិនដូចការអះអាងរបស់ រុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ កាលពីប៉ុន្មានខែមុននេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាម BBC នៅក្នុងខ្សែអាត់សំឡេងនោះ វាគ្មិនម្នាក់មានសំឡេងដួច Abu Bakr al-Baghdadi បាននិយាយ ទាក់ទិននឹងការគំរាមកំហែងថ្មីៗរបស់កូរ៉េខាងជើង ប្រឆាំងជប៉ុន និងសហរដ្ឋអាមេរិក ហើយរូបគេក៏បានគូសបញ្ជាក់ផងដែរ ពីសង្រ្គាមដូចជាទីក្រុងម៉ូស៊ុល ដែលត្រូវបានកងទ័ពអ៊ីរ៉ាក់ដណើ្ដមយកមកវិញ កាលពីខែកក្កដាកន្លងទៅ។
យ៉ាងណាក៏ដោយ នៅពេលត្រូវបានសាកសួរពីខែ្សអាត់នេះ អ្នកនាំពាក្យកងកម្លាំងអាមេរិកប្រឆាំង ISIS លោក រីយ៉ាន ឌីលឡូន (Ryan Dillon) បានអះអាងដូច្នេះថា «យើងបានដឹងពីខ្សែអាត់សំឡេង ដែលគេជឿជាក់ថា ជាសំឡេងរបស់ Baghdadi ហើយយើងកំពុងស្ថិតនៅក្នុងដំណាក់កាលត្រួតពិនិត្យ... យើងមិនទាន់មានភស្ដុតាង ដើម្បីបញ្ជាក់ពីខ្សែអាត់ និងការស្លាប់របស់ Baghdadi នោះទេ... ដូច្នេះយើងបន្តសន្មត់ថា គាត់នៅមានជីវិតនៅឡើយ»។
គួរបញ្ជាក់ រុស្ស៊ី ស៊ីរី និងអ៊ីរ៉ង់ សុទ្ធតែធ្លាប់បានអះអាងថា មេដឹកនាំកំពូល ISIS លោក Abu Bakr al-Baghdadi បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ពួកគេ ក៏ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន មិនបានជឿជាក់លើការអះអាងទាំងនេះឡើយ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក ក៏ធ្លាប់បានប្រកាសដែរថា ក្បាលមេភេរវកររូបនេះមានតម្លៃដល់ទៅ ២៥លានដុល្លារ៕