(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិមនុស្សធម៌ ដែលជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា កំពុងប្រឈម និងបានអំពាវនាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បញ្ឈប់ជាបន្ទាន់ប្រតិបត្តិការយោធា ក៏ដូចជាបើកផ្លូវឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ជម្លោះនៃរដ្ឋរ៉ាឃីន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ លោក Antonio Guterres បានលើកឡើងយ៉ាងដូច្នេះថា «ស្ថានភាពបច្ចុប្បន្ន បានវិលទៅរកភាពអាសន្ននៃការវិវត្តន៍ យ៉ាងឆាប់រហ័សនូវវិបត្តិជនភៀសខ្លួន ស្ថានភាពមនុស្សធម៌ និងរាត្រីដ៏អាក្រក់នៃសិទ្ធិមនុស្ស ខណៈអង្គការសហប្រជាជាតិ ទទួលបានរបាយការណ៍ជាច្រើន ជុំវិញអំពើហិង្សាហួសប្រមាណ ការរំលោភសិទ្ធិមនុស្ស ការរើសអើង ក្នុងនោះមានទាំងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស និងការរំលោភបំពានផ្លូវភេទ... ដែលទំាងនេះសុទ្ធជារឿងមិនអាចទទួលយកបាន ហើយត្រូវតែ បញ្ឈប់វាជាបន្ទាន់»។
គួរបញ្ជាក់ថា យោងតាម UN ចំនួនជនជាតិដើមភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា ប្រមាណ ៥០១,៨០០នាក់ បានកើនឡើងពីចំនួន ៤៨០,០០០នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ ចាប់តាំងពីជម្លោះនៅ ក្នុងរដ្ឋ Rakhine បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដែលបានផ្តាច់ជិវិតមនុស្សច្រើនជាង៤០០នាក់ ដោយភាគច្រើនគឺជាជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា។
ម្យ៉ាងវិញទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ក៏ធ្លាប់បានចេញមុខចោទប្រកាន់មីយ៉ាន់ម៉ាថា កំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផងដែរ ដោយក្នុង នោះអង្គ្ការអន្តរជាតិមួយនេះថែមទាំងបញ្ជាក់ថា ផ្អែកលើការវិភាគរូបភាពថតដោយផ្កាយរណប ពួកគេបានរកឃើញបទឧក្រិដ្ឋប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា មួយចំនួនដូចជា ការបណ្ដេញ ឬបង្ខំឱ្យប្រជាជនចាកចេញពីផ្ទះសម្បែង ការសម្លាប់ ឬការព្យាយាមសម្លាប់ ការដុតបំផ្លាញលំនៅឋាន ការរំលោភបំពានផ្លូវភេទ និងការធ្វើទុក្ខបុកម្នេញជាដើម។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលមីយ៉ាន់ម៉ារបស់លោកស្រី អោងសាន ស៊ូជី បានទាត់ចោលរាល់របាយការណ៍ទាំងឡាយ ហើយអះអាងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងពួកភេរវករ និងការពារសុវត្ថិភាពជនស៊ីវិលតែប៉ុណ្ណោះ៕