(ដាកា)៖ ចំនួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់ចាកចេញប្រទេសមីយ៉ាន់ម៉ា ចូលមកក្នុងទឹកដីប្រទេសបង់ក្លាដែស គិតចាប់តាំងតែពីអំពើហិង្សាបានផ្ទុះឡើង នៅឯរដ្ឋរ៉ាឃីន (Rakhine) កាលពីខែសីហាកន្លងទៅនោះ បានកើនឡើងលើសពីកន្លះលាននាក់ហើយ មកទល់ពេលនេះ។ នេះបើតាមការអះអាងពីអង្គការសហប្រជាជាតិ (UN) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាម UN តួលេខថ្មីខាងលើនេះស្តីពីចំនួនជនជាតិដើមភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា ប្រមាណ៥០១,៨០០នាក់ បានកើនឡើងពីចំនួន៤៨០,០០០នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ ចាប់តាំងពីជម្លោះនៅក្នុងរដ្ឋ Rakhine បានចាប់ផ្តើម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដែលបានផ្តាច់ជិវិតមនុស្សច្រើនជាង៤០០នាក់ ដោយភាគច្រើនគឺជាជនជាតិដើមភាគតិចមូស្លីមនេះតែម្តង។
គួរបញ្ជាក់ថា អំពើហិង្សានៅរដ្ឋភាគខាងជើងប្រជាជាតិអាស៊ានមួយនេះ បានកើតមានឡើង ក្រោយពីមានការលួចវាយប្រហារដោយ ក្រុមសកម្មប្រយុទ្ធមូស្លីម ដែលបានបង្កឲ្យមានប្រតិបត្តិការ យោធាវាយបកសងសឹក ពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ ដោយឡែក ជុំវិញវិបត្តិនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញមុខ ចោទប្រកាន់មីយ៉ាន់ម៉ាថា កំពុងតែប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ។ បើតាម Human Rights Watch ផ្អែកលើការវិភាគរូបភាពថតដោយផ្កាយរណប ពួកគេបានរកឃើញបទឧក្រិដ្ឋប្រឆាំងជនជាតិរ៉ូហ៊ីងយ៉ា មួយចំនួនដូចជា ការបណ្ដេញ ឬបង្ខំឱ្យប្រជាជនចាកចេញពីផ្ទះសម្បែង ការសម្លាប់ ឬការព្យាយាមសម្លាប់ ការដុតបំផ្លាញលំនៅឋាន ការរំលោភបំពានផ្លូវភេទ និងការធ្វើទុក្ខបុកម្នេញជាដើម៕