(អឺរ៉ុប)៖ សហភាពអឺរ៉ុប បានកំណត់ទាមទារឲ្យ ក្រុមហ៊ុន Facebook និង Twitter ក៏ដូចជាបណ្តាញសង្គមដទៃៗទៀត ធ្វើការលុបបំបាត់ចោល រាល់សារបង្កប់អត្ថន័យចងកំហឹង និងស្អប់ខ្ពើមទាំងឡាយ ចេញជាបន្ទាន់រៀងៗខ្លួន ហើយបើមិនដូច្នោះទេ ប្រព័ន្ធទំនាក់ទំនងសង្គមធំៗទាំងនេះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាក់ជាពុំខាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ក្រុមនិយ័តករនៃសហភាពអឺរ៉ុប (EU) បាននិងកំពុងតែជំរុញឲ្យបណ្តាក្រុមហ៊ុនបណ្តាញសង្គមនានា ធ្វើការលុបបំបាត់ការបង្ហោះសារ ទាំងឡាយណា ដែលមានផ្ទុកខ្លឹមសាររើសអើងពូជសាសន៍ និងបញ្ចេះអំពើហិង្សា ចេញពីវែបសាយប្រតិបត្តិការរៀងខ្លួនៗ របស់ពួកគេ បើគិតជារយៈពេលគឺអស់រាប់ឆ្នាំមកហើយ ទើបមកទល់ពេលនេះ EU ហាក់ដូចជាលែងមានការអត់ធ្មត់ទៀតហើយ។
នាពេលកន្លងមកនេះ Facebook និង Twitter ជាដើម បានសន្យាថានឹងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ ឲ្យបានឆាប់រហ័ស ដោយកាលពីខែឧសភា ឆ្នាំ២០១៦ ពួកគេបានប្តេជ្ញាថានឹងត្រួតពិនិត្យឡើងវិញ ទៅលើសារចងកំហឹងនិងស្អប់ខ្ពើមមួយចំនួន ដែលត្រូវបានរាយការណ៍ដោយអ្នកប្រើប្រាស់ ក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយ រួមទាំងធ្វើការលុបបំបាត់ខ្លឹមសារនានា ដែលផ្ទុយពីច្បាប់ចេញ។ ក៏ប៉ុន្តែគណៈកម្មការអឺរ៉ុប ដែលជានិយ័តករកំពូលរបស់ EU បានបញ្ជាក់ជាចុងក្រោយ នាថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនទាំងនេះ នៅតែធ្វើការដោះស្រាយរឿងនេះ មិនរហ័សគ្រប់គ្រាន់ដដែល ហើយបានព្រមានថា ខ្លួននឹងអនុម័តច្បាប់ ដែលអនុញ្ញាតឲ្យ EU ដាក់ពិន័យទៅលើក្រុមហ៊ុនណា ដែលពុំអាចសម្រេចធ្វើបានតាមការកំណត់ ក្នុងពេលប៉ុន្មានខែខាងមុខ។
គួរបញ្ជាក់ថា ការពិន័យចំពោះរឿងនេះ អាចនឹងមានកម្រិតធ្ងន់ធ្ងរ ដោយសារតែគណៈកម្មការ EU នេះ ជាទូទៅបានដាក់ពិន័យយ៉ាងចាស់ដៃទៅលើក្រុមហ៊ុនមួយចំនួន ដែលមិនគោរពតាមក្បួនច្បាប់របស់ខ្លួន ដូចជាក្រុមហ៊ុន Google ជាដើម ដែលទើបត្រូវបង់ពិន័យហើយអស់ប្រមាណ២.៨ពាន់លានដុល្លារឯណោះ៕