(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតអាវុធគីមីរាប់ម៉ឺនតោនរបស់ប្រទេសរុស្ស៊ី នឹងត្រូវបានកម្ទេចចោលអស់ទាំងស្រុងជាស្ថាពរនាខែកញ្ញានេះ៕
២៖ បិតាស្ថាបនិកទស្សនាវដ្តីស្រើបស្រាល «Play boy» ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក លោក ហាហ្គ ហេហ្វណឺ (Hugh Hefner) បានទទួលមរណភាពហើយ ក្នុងវ័យ ៩១ឆ្នាំ៕
៣៖ ទីភ្នាក់ងារអវកាសអាមេរិក NASA និងសមភាគីរុស្ស៊ី Roscosmos បានចេញសេចក្តីប្រកាសស្តីពីកិច្ចសហប្រតិបត្តិការលើការសាងសង់ស្ថានីយ៍អវកាស ដែលដើរតួនាទីប្រៀបដូចជាកំពង់ផែមួយនៅក្នុងគន្លងនៃឋានព្រះច័ន្ទ៕
៤៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ឃើប៊ឺក (Mark Zuckerberg) បានចេញមុខទាត់ចោល ការចោទប្រកាន់គ្មានភស្ដុតាងទាំងឡាយរបស់ លោក ដូណាល់ ត្រាំ ដែលថា បណ្ដាញទំនាក់ទំនងសង្គមរបស់លោក តែងតែប្រឆាំងនឹងប្រធានាធិបតីអាមេរិករូបនេះ៕
៥៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរំលាយសភាជាន់ទាបហើយ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតសភាមុនអាណត្តិ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលាខាងមុខនេះ៕
៦៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា យុវជនជាសិស្សសាលា និងកម្មករជាង ៤.៧លាននាក់ បានស្ម័គ្រចិត្ត ឬក៏ចុះឈ្មោះចូលបម្រើការងារក្នុងជួរកងទ័ព គិតចាប់តាំងពី មេដឹកនាំ លោក គីម ជុងអ៊ុន បានសន្យាកាលពីសប្ដាហ៍មុនថា នឹងចាត់វិធានការសងសឹកជាមួយសហរដ្ឋអាមេរិក៕