(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បានបង្គាប់ឱ្យក្រុមហ៊ុនកូរ៉េខាងជើងជាច្រើន នៅក្នុងប្រទេសរបស់ខ្លួនបិទទា្វរក្នុងរយៈពេល ១២០ថ្ងៃ ដោយរាប់ចាប់តាំងពីការអនុម័តទណ្ឌកម្មលើកចុងក្រោយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែកញ្ញា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ការសម្រេចចិត្តនេះធ្វើឡើងដោយក្រសួងពាណិជ្ជកម្មចិន នៅក្នុងក្របខណ្ឌនៃការអនុវត្តន៍ទណ្ឌកម្ម UN ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការចចេសបន្តអភិវឌ្ឍន៍កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយបទបញ្ជានេះទៀតសោត ក៏ត្រូវអនុវត្តលើក្រុមហ៊ុនមានភាគហ៊ុនកូរ៉េខាងជើង និងចិនផងដែរ។
ចំណាត់ការខាងលើនេះ ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗនេះក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ខ្លួននឹងអនុវត្តន៍តាមដំណោះស្រាយលេខ 2375 របស់ UNSC ដោយបញ្ឈប់ការនាំចេញឧស្ម័នធម្មជាតិប៉ុន្មានប្រភេទ ទៅកាន់កូរ៉េខាងជើង គិតចាប់ពីថ្ងៃសៅរ៍នេះតទៅភ្លាមៗតែម្តង ហើយដាក់កំហិតទៅលើការនាំចេញផលិតផលប្រេងដែលចម្រាញ់រួច ចាប់ពីថ្ងៃទី០១ ខែតុលាខាងមុខ។ ព្រមជាមួយគ្នាបំរាមហាមឃាត់ចំពោះការនាំចូលវាយនភណ្ឌ ពីប្រទេសកូរ៉េខាងជើង ក៏នឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃសៅរ៍នេះទៅផងដែរ។
សម្រាប់វិស័យវាយនភណ្ឌគឺជាប្រភពប្រាក់ចំណូលបរទេស ដ៏សំខាន់និងចុងក្រោយមួយ របស់កូរ៉េខាងជើង ក្រោយពីទីក្រុងព្យុងយ៉ាងបានទទួលរងទណ្ឌកម្ម ជាបន្តបន្ទាប់ពី UN ហើយនៅក្រោមទណ្ឌកម្មទាំងនោះ ទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់កូរ៉េខាងជើង បានកាត់ផ្តាច់ការទិញយកធ្យូងថ្ម, ដែក, រ៉ែ, គ្រឿងសមុទ្រ, និងទំនិញផ្សេងៗទៀតជាដើម។
គួរជម្រាបបន្ថែមថា ចិនទទួលបន្ទុកប្រមាណ ៩០ភាគរយ នៃវិស័យពាណិជ្ជរបស់កូរ៉េខាងជើង ដែលជាហេតុនាំឲ្យកិច្ចសហប្រតិបត្តិ របស់មហាយក្សនៅអាស៊ីមួយនេះ មានសារៈសំខាន់ជាខ្លាំង នៅក្នុងកិច្ចប្រឹងប្រែងទាំងឡាយ ដើម្បីរារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង៕