កូរ៉េខាងជើងប្រកាសក្តែងៗ៖ «យុវជន-យុវតីពេញកម្លាំង ៤.៧លាននាក់ បានចុះឈ្មោះចូលបម្រើយោធា ដើម្បីត្រៀមតទល់នឹងអាមេរិក»
28-09-2017 16:45
(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា យុវជនជាសិស្សសាលា និងកម្មករជាង ៤.៧លាននាក់ បានស្ម័គ្រចិត្ត ឬក៏ចុះឈ្មោះចូលបម្រើការងារក្នុងជួរកងទ័ព គិតចាប់តាំងពីមេដឹកនាំ លោក គីម ជុងអ៊ុន បានសន្យាកាលពីសប្ដាហ៍មុនថា នឹងចាត់វិធានការសងសឹកជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ការបង្ហាញពីសាមគ្គីភាពរបស់កូរ៉េខាងជើង កើតមានឡើងក្រោយ លោក គីម ជុងអ៊ុន បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រសប្ដាហ៍មុនជាមួយការសន្យាថា នឹងចាត់វិធានការសង សឹកកំរិតខ្ពស់បំផុត ឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានព្រមានកម្ទេចកូរ៉េខាងជើងឱ្យក្លាយទៅជាផេះ បើសិនជាទីក្រុងព្យុងយ៉ាង ហ៊ានគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
ក្រោយការគំរាមនេះ កងកម្លាំងទ័ពអាកាសអាមេរិក បានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿង ទៅហោះឆ្វែលក្បែរតំបន់ឆ្នេរភាគខាងកើត ប្រទេសកូរ៉េខាងជើង រហូតធ្វើឱ្យទីក្រុងព្យុងយ៉ាង ក្ដៅស្លឹកត្រចៀកចេញមុខព្រមាន បាញ់ទម្លាក់យន្ដហោះចម្បាំងទាំងនេះ ទោះមិនហោះនៅក្នុងដែនអាកាសកូរ៉េខាងជើងក៏ដោយ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun រយៈពេល ០៦ថ្ងៃកន្លងមកនេះ យុវជនជាបុរសកូរ៉េខាងជើងរាប់លាននាក់ បានបង្ហាញពីបំណងរបស់ពួកគេចុះឈ្មោះ ចូលបម្រើជួរកងទ័ព ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈយុវនារី ១.២២លាននាក់ បានសន្យានឹងស្ម័គ្រចិត្តចូលបម្រើយោធា៕