(ម៉ូស្គូ)៖ ខណៈអ៊ីរ៉ាក់ និងតួកគី កំពុងខឹងច្រឡោតជុំវិញការបោះឆ្នោតប្រកាសឯករាជ្យរបស់ឃើដអ៊ីរ៉ាក់ ក្រសួងការបរទេសរុស្ស៊ី ក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយ បានបង្ហាញពីការគាំទ្របូរណភាពទឹកដីអ៊ីរ៉ាក់ ក៏ដូចជាអំពាវនាវឱ្យទីក្រុងបាកដាដ និងទីក្រុង អឺប្រ៊ីល (Erbil រដ្ឋធានីឃើដ) ដោះស្រាយការខ្វែងគំនិតគ្នាតាមផ្លូវការទូត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យឃើដ-អ៊ីរ៉ាក់ ខាងភាគីរុស្ស៊ីយល់ថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្ជៀសរាល់សកម្មភាពទាំងឡាយ ដែលអាចបង្កឱ្យមានអស្ថេរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា... ការគំាទ្ររបស់យើងសម្រាប់អធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដីអ៊ីរ៉ាក់ និងបណ្ដារដ្ឋដទៃទៀតក្នុងតំបន់មជ្ឈិមបូព៌ា នៅតែមិនផ្លាស់ប្ដូរឡើយ ហើយយើងជឿជាក់ថា រាល់ការខ្វែងគំនិតគ្នាទាំងអស់រវាងអ៊ីរ៉ាក់ និងឃើដអាចនឹងត្រូវដោះស្រាយតាមរយៈកិច្ចសន្ទនា ប្រកបដោយលក្ខណៈស្ថាបនា ក៏ដូចជាគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើតជារូបមន្តមួយអាចទទួលយកបាន ដើម្បីរួមរស់ជាមួយគ្នានៅក្នុង រដ្ឋអ៊ីរ៉ាក់តែមួយ»។
គួរបញ្ជាក់ថា អ៊ីរ៉ាក់បានប្រឆាំងជំទាស់នឹងឯករាជ្យរបស់ឃើដ ដោយសំអាងថា វាអាចនឹងបង្កអស្ថិរភាព និងសង្រ្គាមនៅក្នុងតំបន់ក៏ដូចជាអនុញ្ញាតឱ្យក្រុម ISIS ឆ្លៀតឱកាសពង្រីកឥទ្ធិពលខ្លួនឡើងវិញតែប៉ុណ្ណោះ។ មួយវិញទៀតក្រៅតែពីទីក្រុងបាកដាដ តួកគី អ៊ីរ៉ង់ និងស៊ីរី ក៏បានបង្ហាញការជំទាស់យ៉ាងខ្លាំងផងដែរ ហើយការជំទាស់ពីប្រទេសទាំងបីនេះទៀតសោត ត្រូវបានគេ មើលថាដោយសារតែពួកគេព្រួយបារម្ភ ខ្លាចក្រែងប្រជាជនឃើដនៅក្នុងប្រទេសរបស់ពួកគេ យកគំរូតាមប្រជាជនឃើដនៅអ៊ីរ៉ាក់ ត្បិតបច្ចុប្បន្នឃើដមិនមែនមានតែនៅអ៊ីរ៉ាក់នោះទេពោលគឺ ប្រជាជនឃើដ ក៏មាននៅស៊ីរី អ៊ីរ៉ង់ និងតួកគីផងដែរ៕