(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ឃើប៊ឺក (Mark Zuckerberg) បានចេញមុខទាត់ចោល ការចោទប្រកាន់គ្មានភស្ដុតាងទាំងឡាយរបស់ លោក ដូណាល់ ត្រាំ ដែលថា បណ្ដាញទំនាក់ទំនងសង្គមរបស់លោក តែងតែប្រឆាំងនឹងប្រធានាធិបតីអាមេរិករូបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ថ្លែងនៅលើទំព័រ Facebook ផ្ទាល់ខ្លួនកាលពីថ្ងៃពុធ លោក Mark Zuckerberg បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកនេះ ខ្ញុំចង់ឆ្លើយតបទៅកាន់ការអត្ថាធិប្បាយ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអះអាងថា Facebook តែងតែប្រឆាំងនឹងរូបលោក... ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើការងារដើម្បីឱ្យមនុស្សទាំងអស់ប្រាស្រ័យទាក់ទងគ្នា និងកសាងសហគមន៍មួយសម្រាប់មនុស្ស
ទាំងអស់គ្នា... ហើយខ្ញុំសង្ឃឹមថា នឹងអាចផ្ដល់ដល់មនុស្សគ្រប់រូបនូវសំឡេង និងការបង្កើតកម្មវិធីមួយសម្រាប់គំនិតទាំងអស់»។
គួររំលឹកថា កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «Facebook តែងតែប្រឆាំងនឹង ត្រាំ។ បណ្ដាញទំនាក់ទំនងសង្គមមួយនេះ តែងតែប្រឆាំង ត្រាំ ដូច្នេះ, ព័ត៌មានក្លែងក្លាយ, New York Times និង Washington post ក៏ប្រឆាំងនឹង ត្រាំ... តើវាជាការរួមគំនិតគ្នាឬ?»។ ក៏ប៉ុន្តែ ការថ្លែងបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Facebook កាលពីសប្ដាហ៍មុន បានប្រកាសថា ខ្លួនអាចនឹងចែករំលែកព័ត៌មានជាមួយសភាអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿងនៃការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕