អបអរសាទរ! អង្គការអវកាសអាមេរិក និងរុស្ស៊ី «សហការគ្នាកសាងស្ថានីយ៍អវកាស នៅឋានព្រះច័ន្ទ»
28-09-2017 14:21
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA និងសមភាគីរុស្ស៊ី Roscosmos បានចេញសេចក្តីប្រកាស ស្តីពីកិច្ចសហប្រតិបត្តិការលើការសាងសង់ស្ថានីយ៍អវកាស ដែលដើរតួនាទីប្រៀបដូចជាកំពង់ផែមួយ នៅក្នុងគន្លងនៃឋានព្រះច័ន្ទ។ នេះបើតាមការឲ្យដឹងពី NASA ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
នៅឯមហាសន្និបាតអវកាសអន្តរជាតិលើកទី៦៨ ក្នុងទីក្រុង អាឌែឡែត (Adelaide) នៃប្រទេសអូស្រ្តាលី អង្គការ NASA និងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតជាកិច្ចសហប្រតិបត្តិការ ក្នុងការស្ថាបនា ស្ថានីយ៍អវកាសមួយ ដែលនឹងមានក្រុមអវកាសយានិក គ្រប់គ្រងបញ្ជានៅទីនោះ ហើយនិងវិលជុំវិញឋានព្រះច័ន្ទ។
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយ៍អវកាស នៅឯឋានព្រះច័ន្ទនេះ ដំបូងឡើយត្រូវបានស្នើឡើងដោយ NASA កាលពីខែមីនាកន្លងទៅ ដោយទីភ្នាក់ងារអវកាសអាមេរិក បានមើលឃើញថា វាអាចនឹងបម្រើជាកំពង់ផែអវកាសមួយ ដែលប្រតិបត្តិការដោយក្រុមអវកាសយានិកចំរុះ នៅគន្លងឋានព្រះច័ន្ទ ដើម្បីធ្វើជាចក្រផ្លូវចេញចូល-ទៅកាន់លំហអាកាសដ៏សែនឆ្ងាយ ក៏ដូចជាបេសកកម្មផ្សេងៗទៀត នៅលើផ្ទៃព្រះច័ន្ទផ្ទាល់៕