(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសរំលាយសភាជាន់ទាបហើយ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតសភាមុនអាណត្តិ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលាខាងមុខនេះ។ លោក តាដាម៉ូរី អូហ្ស៊ីម៉ា (Tadamori Oshima) ប្រធានសភាជាន់ទាប គឺជាអ្នកអានសេចក្ដីថ្លែងការណ៍រំលាយសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ការប្រកាសរំលាយសភារបស់ លោក អាបេ ធ្វើឡើងនៅក្នុងចេតនាបន្តអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ខណៈគណបក្សប្រឆាំងកំពុងចុះទន់ខ្សោយកម្លាំង និងនៅក្នុងបរិបទនៃភាពតាន តឹងជាមួយកូរ៉េខាងជើងកាន់តែកើនឡើង ចំណែកឯរូបលោកផ្ទាល់កំពុងជាប់ផុងនឹងរឿងអាស្រូវ ជួយមិត្តភក្តិម្នាក់នៅក្នុងការរកស៊ី ដែលបានធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លំាងពី ប្រជាជនជប៉ុន។
ជាមួយនោះដែរថ្លែងទៅកាន់សមាជិកសភា លោក អាបេ បានលើកឡើងយ៉ាងដូច្នេះថា «វានឹងក្លាយជាការប្រយុទ្ធដ៏ស្វិតស្វាញ ប៉ុន្តែវាក៏ជាវិធីសាស្ត្រដែលនឹងបង្ហាញថា យើងនឹងត្រូវការពារប្រទេសជប៉ុន រួមទាំងការរស់នៅ និងសន្តិភាពរបស់ប្រជាជនជប៉ុន ដោយរបៀបណា»។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ លោក ស៊ីនហ្សូ អាបេ បានស្នើឡើងនូវផែនការអនុម័តថវិកាជាតិ ប្រមាណជា ១៧.៨ពាន់លានដុល្លារ សម្រាប់វិស័យអប់រំ និងហិរញ្ញវត្ថុសាធារណៈ ហើយមិនតែប៉ុណ្ណោះលោក ក៏បានបង្ហាញពីគោលជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះទីក្រុងព្យុងយ៉ាងផងដែរ។ «យើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីដាក់សម្ពាធជាអតិបរមាលើកូរ៉េខាងជើង»។ នេះជាការលើកឡើងរបស់លោក ស៊ីនហ្សូ អាបេ។
មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក តាមរយៈការប្រកាសរំលោយសភា នេះ នឹងបើកផ្លូវឆ្ពោះទៅរកការបោះឆ្នោតសភាមុនអាណត្តិ នៅរយៈពេល ៤០ថ្ងៃបន្ទាប់ ឬគួរតែអាចនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលា។ តែយ៉ាងណាកាលបរិច្ឆេកជាក់លាក់អាចនឹង ត្រូវជាផ្លូវការកំណត់ដោយគណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ៕