(សេអ៊ូល)៖ កូរ៉េខាងត្បូងបានព្យាករណ៍ថា កូរ៉េខាងជើងអាចនឹងបង្ករឿងសាជាថ្មី នៅខែតុលាខាងមុខនេះ ស្របពេលនឹងការប្រារព្ធខួប នៃថ្ងៃបង្កើតគណបក្សពលករកូរ៉េខាងជើង និងការបើកសមាជរបស់គណបក្សកុម្មុយនីស្ដចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
នៅអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតី លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក ជុង អ៊ុយយ៉ុង (Chung Eui-yong) បាននិយាយថា លោករំពឹងថាទីក្រុងព្យុងយ៉ាង អាចបង្ករឿងជាថ្មីនៅចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែតុលា ដោយមិនបានបញ្ជាក់អ្វីបន្ថែមឡើយ។
យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រ លោក ផាក វ៉ាន់ជូ (Park Wan-ju) បានឱ្យដឹងដូច្នេះថា «របាយការណ៍របស់ លោក Chung ក៏បាននិយាយដែរថា វាពិតជាមានការព្រួយបារម្ភ ជុំវិញជម្លោះផ្នែកយោធា ដែលអាចនឹងកើតឡើងជាយថាហេតុ ដោយការឧប្បទ្ទហេតុចៃដន្យណាមួយ ខណៈលោកប្រធានាធិបតី មូន និងលោកប្រធានាធិបតី ត្រាំ ធ្លាប់បានបង្ហើបពីជម្រើសយោធា និងការទូត (ប្រឆាំងកូរ៉េខាងជើង) ប៉ុន្តែកូរ៉េខាងត្បូង មិនអាចឆ្លងកាត់សង្រ្គាមជាថ្មីម្ដងទៀតឡើយ»។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅតែស្ថិតនៅក្នុងសភាពប្រកាសសង្រ្គាមជានិច្ច ត្បិតកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានព្រមព្រៀងគ្នាត្រឹមតែបទឈប់បាញ់តែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាបញ្ចប់សង្រ្គាមអ្វីឡើយ ក្រោយសង្រ្គាមកូរ៉េ ១៩៥០-១៩៥៣។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញមួយចំនួន នៅតែយល់ថា សង្រ្គាមកូរ៉េនឹងមិនអាចផ្ទុះឡើងក្នុងរយៈពេលអនាគត ដ៏ខ្លីនោះទេ ពីព្រោះពួកគេយល់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ជាមនុស្សពិបាកស្ទង់ចិត្ត ហើយជាពិសេសគឺនិយាយបាតដៃខ្នងដៃ៕