(បាកដាដ)៖ នៅទីបំផុតដូចការរំពឹងទុក ប្រជាជនអ៊ីរ៉ាក់-ឃើដច្រើនជាង ៩២ភាគរយ ក្នុងចំណោមប្រជាជនដែលបានទៅបោះឆ្នោតជាង ៣លាននាក់ បានសម្រេចចិត្តបោះឆ្នោតថា «Yes» ឬយល់ព្រមឱ្យអាជ្ញាធរឃើដប្រកាស ឯករាជ្យបង្កើតរដ្ឋដោយខ្លួនឯង ហើយ បើទោះជាមានការព្រមានពីការចាត់វិធានការតបត ពីសំណាក់បណ្ដារដ្ឋជិតខាងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
លទ្ធផលនៃការបោះឆ្នោតនេះ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ពីព្រោះគេបានទាយទុកជាមុនរួចទៅហើយ។ ក៏ប៉ុន្តែវាបានកើតឡើង បន្ទាប់ពីសភាអ៊ីរ៉ាក់បានអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ហេដឺ អាល់ អាបាឌី (Haider al-Abadi) បញ្ជូនកងទ័ពទៅកាន់តំបន់ជម្លោះ កំពុងគ្រប់គ្រងដោយកងកម្លាំងឃើដ។
បន្ថែមពីលើនេះ រដ្ឋាភិបាលទីក្រុងបាកដាដ ក៏បានព្រមានចាត់វិធានការផងដែរ ក្នុងនោះរួមមានទាំង ការរាំងខ្ទប់ ដែន អាកាស និងផ្លូវគោកដែលគេរំពឹងថា អាចនឹងចាប់ផ្ដើមនៅថ្ងៃសុក្រស្អែកនេះ ខណៈប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ គំរាមថាបើទីក្រុងអង់ការ៉ាដាក់ទណ្ឌកម្ម នោះឃើដ អាចនឹងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ តែទោះបីជាមានការព្រមានទាំងនេះក្ដី ក៏មេដឹកនាំឃើដ លោក ម៉ាស្សួដ បាហ្សានី (Massoud Barzani) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានទទួលជ័យជម្នះហើយ នៅក្នុងការបោះឆ្នោតប្រជាមតិប្រកាសឯករាជ្យឃើដអ៊ីរ៉ាក់... យើងអាចនឹងត្រូវប្រឈមមុខនឹងភាពលំបាកជាច្រើន។ ក៏ប៉ុន្តែយើងនឹងជម្នះដើម្បីភាពជោគជ័យ ហើយខ្ញុំនៅតែអំពាវនាវឱ្យមហាអំណាចពិភពលោក គោរពការសម្រេចចិត្តរបស់ប្រជាជនឃើដរាប់លាននាក់... រីឯរដ្ឋាភិបាលទីក្រុងបាកដាដ គួរតែអង្គុយចរចាជាមួយនឹងពួកយើង ជាជាងប្រើការគំរាម»។
គួរបញ្ជាក់ថា អ៊ីរ៉ាក់ តួកគី អ៊ីរ៉ង់ រួមទាំងសហរដ្ឋអាមេរិក បានប្រឆាំងជំទាស់នឹងការបោះឆ្នោតប្រជាមតិឃើដ ដោយពួកគេសំអាងថា វាអាចនឹងបង្កអស្ថិរភាព និងសង្រ្គាមនៅក្នុងតំបន់ក៏ដូចជា អនុញ្ញាតឱ្យក្រុម ISIS ឆ្លៀតឱកាសពង្រីកឥទ្ធិពលខ្លួនឡើងវិញតែប៉ុណ្ណោះ៕