(ម៉ូស្គូ)៖ ទីបំផុតអាវុធគីមីរាប់ម៉ឺនតោនរបស់ប្រទេសរុស្ស៊ី ត្រូវបានកម្ទេចចោលអស់ទាំងស្រុងជាស្ថាពរហើយ នាខែកញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
លោក មីឃែល បាប៊ីច (Mikhail Babich) ប្រធានគណៈកម្មការជាតិ ស្តីពីការរំសាយអាវុធគីមី បានរាយការណ៍ជូនដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាដំណើរការនៃការកម្ទេចអាវុធគីមីរបស់រុស្ស៊ីប្រមាណ ៤០,០០០តោន ត្រូវបានបញ្ចប់ជាស្ថាពរ នៅមុនកាលបរិច្ឆេទកំណត់។
ថ្លែងក្នុងតំបន់ អ៊ូដម៉ឺធា (Udmurtia) ជាទីដែលអាវុធទាំងនោះ ត្រូវបានបំផ្លាញចោលនោះ លោក ពូទីន បាននិយាយថា វាគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយ បើយើងគិតពីបរិមាណដ៏ធំធេង នៃអាវុធគីមី ដែលបន្សល់ទុកពីសម័យកាលសហភាពសូវៀត ហើយនេះគឺជាការជំហានដ៏ល្អមួយ ដែលកំពុងធ្វើឲ្យពិភពលោកបច្ចុប្បន្ន មានតុល្យភាព និងសុវត្ថិភាពជាងមុន។
គួរបញ្ជាក់ថា កាលពីថ្ងៃដើមខែមីនាកន្លងទៅនេះ តួលេខនៃអាវុធគីមីត្រូវគេបង្ហាញថា មានរហូតដល់ទៅជិត ៧០,៥០០តោន កំពុងស្ថិតនៅក្នុងឃ្លាំងស្តុក នៃបណ្តាប្រទេសនានាទូទាំងពិភពលោក ដោយក្នុងនោះប្រទេសរុស្ស៊ីមានអាវុធប្រភេទនេះច្រើនជាងគេ រហូតដល់ទៅ ៤០,០០០តោន, អាមេរិក ២៧,០០០តោន និងចំនួននៅសល់ទាំងប៉ុន្មាន គឺស្ថិតនៅតាមបណ្តាប្រទេសផ្សេងៗទៀត៕