(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអាមេរិកមានសិទ្ធិបោះឆ្នោតភាគច្រើន គិតថាលោក ដូណាល់ ត្រាំ មិនសាកសម ឬមិនមានសមត្ថភាពកាន់តំណែងជាប្រធានាធិបតី អាមេរិក ខណៈមានតែ ៣៦ភាគរយប៉ុណ្ណោះ គាំទ្រសកម្មភាពរបស់លោកក្នុងការដឹកនាំសេតវិមាន គិតចាប់តាំងពីលោកស្បថចូលកាន់តំណែង កាលពីខែមករាមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Politico នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
យោងតាមការស្ទង់មតិខាងលើ ធ្វើឡើងដោយសាកលវិទ្យាល័យ Quinnipiac University ប្រជាជនអាមេរិកមានសិទ្ធិបោះឆ្នោត ៥៩ភាគរយ និយាយថា លោក ត្រាំ មិនមានភាពស្មោះត្រង់ ៦០ភាគរយថា លោកមិនមែនមានជំនាញជាអ្នកដឹកនាំ និង ៦១ភាគរយយល់ថា លោកមិនអាចចែករំលែកតម្លៃរបស់ពួកគេ។ ជាងនេះទៅទៀត ប្រជាជនអាមេរិកទាំងនេះ ៦៩ភាគរយក៏បាន ជំទាស់ផងដែរមិនឱ្យលោក ត្រាំ បង្ហោះសារនៅលើ Twitter ទល់នឹង ២៦ភាគរយប៉ុណ្ណោះ ដែលគំាទ្រឱ្យលោកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។
គួររំលឹកថា កាលពីខែមីនា អត្រាពេញចិត្តសកម្មភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ថិតនៅចន្លោះពី ៣៣ភាគរយ ទៅ ៤០ភាគរយ រីឯ ៥១ភាគរយ នៃអ្នកត្រូវបានសាកសួរ និយាយថា ពួកគេខ្មាសអៀនដែលមានលោក ត្រាំ ជាប្រធានាធិបតី និង ២៧ភាគរយថា មានមោទនភាពលើរូបលោក៕